ខេត្តកណ្ដាល៖ យុវជន២នាក់ បានបើកម៉ូតូ១គ្រឿងឌុបគ្នាបោះពួយយ៉ាងលឿន ហើយវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បានបុករថយន្ត១គ្រឿងដួលខ្ទាតចូលរថយន្តយីឌុប១គ្រឿងទៀត បណ្តាលឲ្យកិនស្លាប់ទាំង២នាក់មួយរំពេច កាលពីវេលាម៉ោង៩ និង២៩នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក SUZUKI SMASH REVO C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1F-6205 បើកបរដោយឈ្មោះ និត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តព្រៃវែង មិនពាក់មួកសុវត្ថិភាព និងឈ្មោះធី វណ្ណថង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិចន្លោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មិនពាក់មួកសុវត្ថិភាព រួមដំណើរជាមួយ បោះពួយយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-បាត់ដំបង) ក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុបើកវ៉ាជែងរថយន្តតូច១គ្រឿង តែមិនផុត ក៏បានបុកចំស្តុបខាងឆ្វេងរថយន្តនោះ បណ្តាលឲ្យដួលម៉ូតូ ស្របពេលនោះ មានរថយន្តម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1508 បើកបរដោយឈ្មោះហ៊ុន សាន្ត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិវិហារខ្ពស់ ឃុំសួង ក្រុងសួង ខេត្តត្បូងឃ្មុំ មកដល់ ហើយអ្នកបើកបររថយន្តជាន់ហ្វ្រាំងឈប់មិនទាន់ ក៏កិនជនរងគ្រោះទាំង២នាក់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។


ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់គេចរហូតជិតដល់សាលាឃុំកោះចិន អ្នកបើកបររថយន្តបានឈប់រថយន្តរួចរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចធ្វើការសហការគ្នាដេញចាប់ឃាត់ខ្លួនបានមកវិញ។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តពាក់ព័ន្ធទៅរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកពញាឮ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះទាំង២។ ដោយឡែក សពជនរងគ្រោះទាំង២ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕