ដូងខ្ទិះជាប្រភេទដូងកម្រ ដោយសារតែមានការលំបាកក្នុងការដាំដុះ ហើយត្រូវការដីដែលមានជីវជាតិខ្លាំងទើបដាំបានផលល្អ។ បើសិនការដាំដុះមិនបានពិនិត្យដីជាមុនទេ ភាគរយនៃការទទួលជោគជ័យមានតិចណាស់។ ដូងខ្ទិះ មិនមែនជាដូងសំរាប់ពូតយកខ្ទិះនោះឡើយ វាជាប្រភេទដូងដែលមានលក្ខណៈខុសពីដូងធម្មតាត្រង់វាមានខ្ទិះ សាច់ក្រាស់ ទន់ មានក្លិនក្រអូប ហើយមានរសជាតិទ្រលាន់ និងទឹករបស់វាខាប់អន្ធិលៗ។
*វិធីលក្ខណៈសំគាល់ដូងខ្ទិះ
ដោយសារកំហាប់ទឹកដួងខាប់យ៉ាងខ្លាំង ហើយផ្លែខ្លះគ្មានទាំងទឹកផងនោះ ដូច្នេះហើយ វិធីទីមួយក្នុងការរើសដូង គឺយកមករលាក់ទឹកដើម្បីស្តាប់មើល គឺយើងអាចស្តាប់បានដឹង នៅពេលដែលដូងផ្លែនោះគ្មានសម្លេងទឹក ឬមានសម្លេងដែរតែខាប់នោះ គឺភាគរយខ្ទិះគឺមានច្រើន។ បើសិនជា ចង់ដឹងច្បាស់នោះគឺចាំបាច់ត្រូវសក បកសំបកដូងចេញ ហើយគោះផ្លែមួយនោះ ដើម្បីបញ្ជាក់សម្លេង ព្រោះថាដូងខ្ទិះមានសម្លេងហាប់ណែន។
*វិធីដាំដូងខ្ទិះ
ការដាំដើមដូងខ្ទិះចាំបាច់ត្រូវមានវិធីសាស្រ្តត្រឹមត្រូវ បើមិនដូច្នេះទេ នឹងក្លាយទៅជាដូងធម្មតា។
១. រើសពូជដូងៈ ដូងពូជដែលយកមកដាំនោះគឺចាំបាច់ត្រូវយកពីធ្លាយដែលមានដូងខ្ទិះ
២. មិនត្រូវជីករណ្តៅជ្រៅពេកនោះទេ គឺរណ្តៅមានជម្រៅត្រឹមពី ៥០សម. ទៅ ៧០ សម. តែប៉ុណ្ណោះ
៣. ចាំបាច់ត្រូវដាក់ល្បាយកំបោរ នៅបាតរណ្តៅ ហើយដីដែលយកមកកប់នោះត្រូវលាយផេះផងដែរ។
៤. ចាំបាច់ត្រូវប្រើជីធម្មជាតិ ឬជីកំប៉ុស្តិ៍
គួរគត់សំគាល់ថា ដូងខ្ទិះ មិនមែនជាប្រភេទដូងតឿនោះទេ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News


*អត្ថប្រយោជន៏នៃដូងខ្ទះ
ទឹកដូងខ្ទិះ ត្រូវបានគេជឿថាជាឱសថព្យាបាលជំងឺសន្លាក់ សរសៃរ និងល្អប្រសើរសម្រាប់ស្រ្តីមានគភ៌ និងមនុស្សចាស់។ សាច់ដូងខ្ទិះអាចយកជាបង្អែមជាច្រើនប្រភេទដូចជា៖
-កោសស្តើងៗ ហើយរោយស្ករស ឬជ្រលក់ជាមួយទឹកដោះគោខាប់
-ធ្វើជាទឹកក្រឡុកដូងខ្ទិះសុទ្ធ
-ទឹកខ្ទិះ លាយជាមួយលុកឈិត
-ប្រើទឹកស្ករ លាយជាមួយខ្នុរ ស្រូប
-ធ្វើជាការ៉េមដូង
-ចាហួយដូង


ដែលកត្តាទាំងនេះហើយបាន ធ្វើឱ្យដូងខ្ទិះនេះមានការគាំទ្រច្រើននៅលើទីផ្សារចំណីអាហារ និងមានតម្លៃថ្លៃជាងដូងធម្មតាយើងដូងខ្ទិះ ខុសពីដូងធម្មតាឯតម្លៃរបស់វាក៏ថ្លៃជាងដូងធម្មតា ជាមធ្យមតម្លៃរបស់វាក្នុង១ផ្លែចាប់ពី ៤០០០០៛ ទៅ ៥០០០០៛ ទៅតាមទំហំដូងធំ ឬ តូច ៕