ភ្នំពេញ ៖ បុរសកម្មករសំណង់ម្នាក់ ដើរកាត់បន្ទប់ស្នាក់នៅ ឃើញស្ត្រីម្នាក់កំពុងដេកនៅលើគ្រែភ្លេចបិទទ្វារក្នុងបន្ទប់ក្បែរខាង ស្រាប់តែលបចូលទៅចាប់រំលោភដោយមិនដឹងថា ប្តីរបស់គេកំពុងចូលបន្ទប់ទឹក ស្របពេលនារីរងគ្រោះ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋជិតខាង ចាប់ក្របួចជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែងមានទីតាំងស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យមានឈ្មោះ ផាន រ៉ន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ។ ចំណែកស្ត្រីរងគ្រោះមានអាយុ២៧ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយគ្នា ។
បើតាមនារីរងគ្រោះបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបនាងកំពុងនៅក្នុងបន្ទប់២នាក់ប្តី លុះបន្តិចក្រោយ មកប្តីរបស់នាងបានដើរចូលបន្ទប់ទឹក ចំណែកនាងក៏ប្រះខ្លួនដេកនៅលើគ្រែក្នុងបន្ទប់ ដោយមិនបានបិទទ្វារនោះទេ ស្រាប់តែ លេចមុខជនសង្ស័យលបចូលមកធ្វើសកម្មភាពចាប់សម្រាតខោអាវនាងចេញទាំងកំរោល ប្រុងរំលោភ នាងក៏ស្រែកឆោឡោអោយប្តីជួយ ហើយភ្លាមនោះប្តីរបស់នាងបានចេញពីក្នុងបន្ទប់ទឹកមកជួយស្រែកឆោឡោផ្អើលដល់អ្នកជិតខាង ព័ទ្ធចាប់ជនសង្ស័យ រួចហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង្ស័យតែម្តង ។
បុរសកម្មករសំណង់ បានសារភាពថា រូបគេពិតជាបានប្រព្រឹត្តអំពើប៉ុនប៉ងរំលោភ ពិតមែន ព្រោះតែរូបគេស្រវឹងស្រាខ្លាំងពេក លុះពេលដើរកាត់មុខបន្ទប់ នារីរងគ្រោះឃើញនាងដេកក្នុងបន្ទប់ នឹកស្មានថា នាងនៅតែម្នាក់ឯង ក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភ តាមពិតប្តីរបស់នាងក៏នៅក្នុងបន្ទប់នោះដែរ ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕