ជាពលរដ្ឋកសិករធ្វើស្រែចម្ការនៅក្នុងស្រុកព្រះស្តេចអស់កង្វល់ពីបញ្ហាទឹកសម្រាប់ធ្វើស្រែរបស់ពួកគាត់ទៀតហើយដោយនៅក្នុងស្រុកព្រះស្ដេចមានប្រព័ន្ធប្រឡាយទឹកខ្វែងតែជាជំនួយរបស់ប្រទេសអូស្ត្រាលី ដែលថា កាវ៉ាក់(cavac) តាមរយៈរាជរដ្ឋាភិបាល ដែលមានឈ្មោះថា ប្រព័ន្ធធារាសាស្ត្រឈូងពោធិ៍ (ដីក្រហម) ដោយប្រព័ន្ធធារាសាស្ត្រនេះគឺមានប្រឡាយមេដែលមានប្រវែង ២,៤៤៥ ម៉ែត្រ ប្រឡាយនាំទឹក ៩៨០ ម៉ែត្រ និងប្រឡាយរងចំនួន ២៦ ខ្សែដែលមានប្រវែង ១៩,៨៩៤ម៉ែត្ររួមទាំងមានផ្លូវសម្រាប់ធ្វើដំណើរស្ថិតនៅអមតាមប្រឡាយមេនោះផងដែរ។ ដែលអាចស្រោចស្រពនៅផ្ទៃដី របស់បងប្អូនប្រជាកសិករនៅក្នុងស្រុកព្រះស្ដេចហ្នឹងបានចំនួន ១,១០០ ហិកតា។

លោកអភិបាលស្រុកក៏បានលើកឡើងដែរថា៖ ប្រជាពលរដ្ឋចំនួន ៨៦៤ គ្រួសារ អាចធ្វើស្រែបានពី ២ ទៅ ៣ ដងក្នុងមួយឆ្នាំ ។ ដោយមិនពឹងផ្អែកទៅនឹងទឹកភ្លៀង និងការជីកអណ្ដូងបូមទឹកដើម្បីដាក់ស្រែបន្តទៅទៀតនោះទេ។ ដោយសារតែប្រព័ន្ធធារាសាស្ត្រនេះអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ និងស្ថិតថេ។

ចំណែកទិន្នផលស្រូវ នឹងកើតឡើងពី៤,៥ តោនទៅ ៥ តោនក្នុងមួយហិកតា ហើយការចំណាយនានាទាក់ទងនឹងការបូមទឹកដែលពីមុនកសិករបានចំណាយដល់ទៅ ១៥០ ដុល្លារអាមេរិក ក្នុងមួយហិកតា ដោយឡែកបច្ចុប្បន្ននេះកសិកររកចំណាយតែ ៦២ ដុល្លារអាមេរិកតែប៉ុណ្ណោះ។

ហើយផលប្រយោជន៍នៃប្រព័ន្ធធារាសាស្ត្រមិនត្រឹមតែជួយឲ្យការចំណាយលើការបូមទឹកស្រោចស្រពទាបជាងមុននោះទេវាថែមទាំងកាត់បន្ថយការចំណាយពេលវេលា និងកម្លាំងពលកម្មដែលត្រូវការក្នុងការផលិតកសិកម្មបានយ៉ាងច្រើនផងដែរ ។

លោកអភិបាលស្រុកលើកឡើងបន្ថែមទៀតថា៖ ចំពោះផ្លូវធ្វើដំណើរដែលស្ថិតនៅអមប្រព័ន្ធធារាសាស្ត្រនេះក៏បង្កលក្ខណៈងាយស្រួលជាច្រើនក្នុងការដឹកជញ្ជូនផលិតផលកសិកម្មចេញទៅកាន់ទីផ្សារ ក៏ដូចជាដឹកជញ្ជូនវត្ថុធាតុដើមកសិកម្មចូលទៅក្នុងស្រែ មិនត្រឹមតែប៉ុណ្ណោះទេតែផ្លូវធ្វើដំណើរទាំងនេះក៏អាចប្រើប្រាស់ជាទីទួលសុវត្ថិភាពក្នុងពេលមានទឹកជំនន់ផងដែរ។