ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា មិន​អនុញ្ញាត​អោយ​មន្ត្រី​នគរបាល​ណា​ម្នាក់ ទៅ​បំពេញការងារ​ក្រៅ​ឡើយ ពោល​គឺ​កន្លង​មក មាន​មន្ត្រី​នគរបាល​មួយ​ចំនួន​តូច ឆ្លៀត​ទៅ​យាម​តាម​ក្លឹ​ប​កម្សាន្ត ។

ថ្លែង​ទៅ​កាន់​កងកម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ ពេល​គោរព​ទង់ជាតិ​ដូច​សព្វមួយដង​ដែល​មាន​មន្ត្រី​ជាង​៨០០​នាក់ លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា មន្ត្រី​នគរបាល​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​មិន​អនុញ្ញាត​អោយ​មាន​វត្តមាន​មន្ត្រី​នគរបាល​ទៅ​យាម ឬ​ការពារ​ក្លិប​ណាមួយ​ឡើយ ។

ជាមួយ​គ្នា​នេះ ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ណែនាំ​ឲ្យ​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​មក​គោរព​ទង់ជាតិ ពិសេស​ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​ត្រឹមត្រូវ តាម​ឯកសណ្ឋាន​របស់​នគរបាល ត្រូវ​កាត់សក់​ខ្លី ហើយ​ដំបូង​នេះ​គឺ​កម្លាំង​នគរបាល​ចរាចរណ៍ និង​កម្លាំង​នគរបាល​ទេសចរណ៍ ត្រូវ​កាត់សក់​មុនគេ ។ ហើយ​កងកម្លាំង​នគរបាល​អន្តរាគមន៍ ត្រូវ​តែ​នាំ​គ្នា​ហាត់ប្រាណ​ជា​ប្រចាំ នៅ​ពេល​ល្ងាច ដើម្បី​សុខភាព​ផង និង​ដើម្បី​ឲ្យ​រាង​កាយ​មាំមួន​ផង ។ ៕