ខ្នុរ គឺជាផ្លែឈើដែលមានពូជច្រើនប្រភេទខុសៗគ្នាទៅតាមពូជនីមួយៗ ប្រជាកសិករនិយមចូលចិត្តដាំនៅតាមផ្ទះដើម្បីយកមកបរិភោគ និងលក់យកប្រាក់កម្រៃសំរាប់ផ្គត់ផ្គង់ជីវិត។ ដើម្បីដាំខ្នុរឲ្យទទួបានផលខ្ពស់យើងគប្បីអនុវត្តន៏នូវវិធីដូចខាងក្រោម៖
១-ការរើសពូជ


-នៅលើទីផ្សារគេនិយមពូជខ្នុរណាំង ត្រូវរើសរកផ្លែធំវែង ក្លែបធំវែង សាច់ក្រាស់ ផ្អែមមានទឹកដម គ្រាប់តូច ស្រកីតិច ពណ៌លឿង ។
២-ការបណ្ដុះគ្រាប់


-ត្រូវរៀបថ្នាល ១មx១ម ដូចជាប្រុងសាបគ្រាប់ស្ពៃ កាប់ដីត្រសោះអោយធូរល្អ ជីកំប៉ុស២បង្គី និងផេះអង្កាម២បង្គីលាយ អោយសព្វ រាយអោយស្មើលើរង ។
៣-ការរើសទីតាំង


-យកទីជិតផ្ទះឬមុខផ្ទះ តែកុំអោយឋិតនៅពីត្បូង និងនិរតី ព្រោះវាជាឈើធំបាំងខ្យល់នាំអោយហប់ដល់យើងដែលនៅក្នុងផ្ទះ ។
៤-ការរៀបរណ្ដៅ


-បើជាដីទួលត្រូវជីករណ្ដៅខ្នាត១មx១មx០.៨ ម។បើជាដីទំនាបត្រូវលើកជារង្វង់ដែលនៅចំហកណ្ដាលស្មើកង់រទេះ។ឯគែមភ្លឺខាងយកកំពស់១ម៉ែត្រខ្ពស់ជាងទឹកដែលធ្លាប់តែលិច។នេះជារណ្ដៅខ្ពស់ ឬថាដាំនៅលើដីលើក។យើងរៀបអោយចំហ ក្នុងដូច្នេះដើម្បីទុកផ្សំជីដាក់បណ្ដើរៗ។
-រណ្ដៅមួយបែបទៀត អនុវត្តរបៀបគ្នាតែពេលដែលញាត់សំរាម ចំបើង ជញ្ច្រាំងពេញណែន ហើយត្រូវស្រោចជីផ្អាប់ទុក១០ថ្ងៃ រួចលប់ដីទុកអោយពុកសំរាមទើបដាំ។ រណ្ដៅរបៀបនេះល្អជាង ងាយស្រួលជាង។
៥-ការដាំ


-ពេលដែលកូនក្នុងថ្នាលមានកំពស់ពាក់កណ្ដាលភ្លៅ ។
-យកជីទឹកធម្មជាតិប្ញជីអាចម៍ជន្លេនជាមួយទឹកកូរអោយរលាយផុកៗចំនួនកន្លះថាំង។
-កាត់ឫសកែវចោលអោយសល់តែ៣ធ្នាប់ ទើបខ្នុរមិនលេងកំពស់ និងមិនលេងដើម ដែលជាកត្តាអោយមានផ្លែច្រើន ។
-ត្រូវរើសយកកូនដែលមានឫសល្អបំផុតដាំហេតុនេះហើយ បានជាយើងត្រូវដាក់ គ្រាប់ច្រើនសំរាប់រើស ។
-ត្រូវដាំនៅទីមួយចំងាយពីគ្នា៧ម៉ែត្រ ទើបងាយលើកដីហើយក្រោមខ្នរត្រូវដាក់ ម្នាស់ខ្លះ ។
៦-ការថែទាំ


-ដំណាំទាំងអស់គួរដាំនៅក្នុងខែ៤ ឬខែ៥ ទើបមិនសូវពិបាកថែព្រោះឆ្លងកាត់១រដូវភ្លៀង ដំណាំអាចមានឫសច្រើនហើយជ្រៅដែលអាចរស់ដោយខ្លួនឯង នៅរដូវប្រាំងឆ្នាំក្រោយ។ហើយក៏ត្រូវស្រោចទឹករាល់សប្តាហ៍នៅរដូវអត់មានភ្លៀងធ្លាក់។
-បើលូតលាស់ល្អហើយត្រូវកុំស្រោចទឹកពីលើតែត្រូវធ្វើអោយមានទឹកល្មមនៅ ពាសពេញក្នុងដីដោយអនុវត្តវិធីប្រើប្រាស់ទឹកក្រោម ដី។
៧-ការតាក់តែងមែក


-ក្នុងរយៈពេល៣ខែធ្វើការកាត់តែងមែកម្ដងដើម្បីអោយខ្នុរចេញមែក ឆាប់។
-ការកាត់តែងមែកគឺកាត់មែកមិនបានការចោលខ្លះបណ្ដើរៗបើចាំ១ឆ្នាំកាត ម្ដង
-ខ្នុរផ្លែតាមគល់តាមដើមជួនគល់ឫសក្នុងដីផង។
-មែកដែលត្រូវកាត់មាន ច្រើនបែបគឺពួកបំពងត្រូវកាត់ចោលភ្លាមកុំទុកអោយធំទាន់ ព្រោះពួកនេះស្រូបជាតិពីដើមខ្លាំងបំផុតដែលធ្វើអោយផ្នែកដទៃនៃដើមខ្វះអាហារ។កាត់មែកសរសៃតូចៗជាប់ៗគ្នា មែកគងគ្នា មែកងាប់ចុង។ កាលណាកាត់ត្រូវយកកំបោរលាប។
ក-របៀបកសាងទំរង់ដើម១បែបទៀត៖
-បើព្យាយាមកាត់មែកលើត្រង់ពីដើមឲ្យនៅកំពស់ត្រឹម ក្បាល ទាញ មែក ខាងដែលនៅខ្ស់បំផុតឲ្យផ្ដេកហើយបណ្ដើរៗកាត់សំអាតគល់មែកធំៗ ប្រហែលជិតមួយ ព្យាមកុំឲ្យមានកូនមែកថ្នាក់ ទី ២ ទៀត នោះ ដើមខ្នុរនេះ នឹងមានដើមធំ តែត្រឹមក្បាលមែកធំច្រើនយ៉ាងស្រឡះកណ្ដាលដែលធ្វើឲ្យមានពន្លឺថ្ងៃ យ៉ាងច្រើនចាំងចំដើមនិងមែកធំៗ។
-ការកសាងមែករបៀបនេះ ជាវិធីមួយធ្វើឲ្យខ្នុរផ្លែច្រើនពុំសូវទទួលជម្ងឺផ្សិតហើយ ងាយបេះ ។
ខ-ការកាត់តែឫស ៖
-ការកាត់តែងឫសនេះ ប្រជាកសិករនៅជនបទយើងពុំធ្លាប់ដឹងទេ។ យើងកាត់ តែងឫស ដើម្បីអោយឫសវាបែកតាំងពីជិតគល់ចង្អុលទៅរកទិសតូចៗច្រើនទៀត គឺ កាត់ក្នុងគោលបំណងអោយឫស រាយ ក្រឡាសព្វដី ដើម្បីប្រមូលជីអោយបាន ច្រើនមកទ្រទ្រង់ដើម និងមានផ្លែច្រើន។
៨-ការប្រើជី


-វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំខ្នុរ
៩-ការចេញផ្កា និងថែផ្លែ


-បើដាំគ្រាប់ក្នុងអាយុ៣ ឆ្នាំអាចមានផ្កាតែកុំអាលទុកនៅលើកទី១ ចាំដល់ផ្កានៅ ចុងឆ្នាំសឹមទុកផ្លែតែ១គ្រាន់ជាកំលាំងចិត្ត។
-ក្នុង១ឆ្នាំខ្នុរ ចេញផ្កា២ដងលើកទី១ នៅខែ៤-៥ ឯលើកទី២ នៅខែ៩ ទៅ១១
-នៅឆ្នាំទី៥ ទី៦យើងទុកផ្លែបង្កើនឡើងខ្លះតែត្រូវមើលពី កំលាំងខ្នុរផង។បើផ្លែមិន ស្ទុះ ឬមានរលុកនេះ បង្ហាញថាហួសកំលាំងវា
-ពីឆ្នាំទី៨ ឡើងយើងទុកច្រើន បើចេញផ្កាច្រើនទងយើងទុកក្នុង១ទង តែផ្លែល្អ ១ បើចេញផ្កាតិចយើងអាចទុកភ្លោះគឺ១ទង ផ្លែល្អ២ ។
១០-ការប្រមូលផល


ក្រោយពីដាំបានរយះពេល៣ឆ្នាំ អាចប្រមូលផលបានហើយ។
ប្រភេទផ្លែឈើនេះថ្វីត្បិតតែវាកំរបានផលបន្តិចមែន ប៉ុន្តែនៅពេលដែលវាទទួលបានផលម្ដងហើយវា និងមានផ្លែបន្តមករហូតដោយមិនគិតពីខែ ឆ្នាំឡើយ ៕