ខេត្តកណ្តាល ៖ យុវវ័យប្រុសស្រី២នាក់ ជាគូស្នេហ៍នឹងគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបចាប់ខ្លួនក្នុងបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរោងដេកឈ្មោះ ស៊ិន សម្ភស្ស ស្ថិតក្នុងភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ។


គូស្នេហ៍វ័យក្មេងជួញដូរ និងជក់ថ្នាំញៀនដែលសមត្ថកិច្ច ធ្វើការចាប់ខ្លួន មានឈ្មោះស៊ិន សម្ភស្ស ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ( ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល០១ឆ្នាំ ពីបទអំពើលួចម៉ូតូ កាលពីឆ្នាំ២០១៨ ) និងម្នាក់ទៀត មានឈ្មោះភិន យ៉ន ហៅ កា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ( ជនសង្ស័យទាំង២ ត្រូវជាសង្សារនឹងគ្នា)។

សមត្ថកិច្ច ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់តូច និងឧបករណ៍សម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។


ក្រោយចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕