ភ្នំពេញ ៖ ជនសង្ស័យល្មោភកាមម្នាក់ ឃើញនារីម្នាក់ដេកនៅក្នុងបន្ទប់តែម្នាក់ឯង មិនបានដាក់គន្លឹះទ្វារ ស្រាប់តែមានអារម្មណ៍នឹកចង់រួមភេទ ក៏ចូលទៅចាប់រំលោភនារីនោះទាំងកំរោល តែសំណាងអាក្រក់ ត្រូវប្តីនារីរងគ្រោះចូលមកទាន់ ក៏ចាប់ក្របួចអូសកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ជនល្មោភកាមចាប់រំលោភសេពសន្ថវ:ប្រពន្ធគេនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់សាលាវិចិត្រសិល្ប: ផ្លូវបេតុង ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។


ជនសង្ស័យល្មោភកាម មានឈ្មោះផន រ៉ន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់សាលាវិចិត្រសិល្ប: ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែក នារីរងគ្រោះឈ្មោះ ក.លខណ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅសាលាវិចិត្រសិល្ប: ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះកំពុងដេកក្នុងបន្ទប់នៅចំណុចកើតហេតុខាងលើ តែម្នាក់ឯង និងមិនបានដាក់គន្លឹះទ្វារ ស្រាប់តែពេលនោះ ជនសង្ស័យឃើញឱកាសល្អ បានដើរមកបើកទ្វារបន្ទប់ ចូលធ្វើសកម្មភាពចាប់រំលោភទាំងកំរោល តែត្រូវប្តីរបស់នារីរងគ្រោះឃើញទាន់ ស្ទុះមកចាប់ក្របួចជនសង្ស័យ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី តែម្តង ។
ក្រោយកើតហេតុ នារីរងគ្រោះបានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីឲ្យសមត្ថកិច្ចចាត់ការជនសង្ស័យតាមផ្លូវច្បាប់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំឃាំងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕