ប្រទេសថៃ៖ ទាហាន​ថៃ ប្រទះ​ឃើញ​ការុងជាច្រើនយក​ទៅ​លាក់ទុក​ក្នុង​រូងភ្នំ​ជ្រៅ​ក្នុង​ព្រៃ​មួយ​កន្លែង​នៅ​តាម​ព្រំប្រទល់​នៃ​ស្រុក​ចាង​ដោ ខេត្ត​ឈាង​ម៉ៃ ប្រទេស​ថៃ តែ​ក្រោយ​ពី​បាន​បើក​បង្ហាញ​របស់​ក្នុង​ការុង​នោះ ធ្វើឲ្យ​មនុស្ស​ជាច្រើន​មាន​ការភ្ញាក់ផ្អើ​ល​ជា​ខ្លាំង​។ 

​បន្ទាប់​ពី​ស្រាយ​ការុង ក្រុម​ល្បាត​ខាងលើ រក​ឃើញ​គ្រាប់​ថ្នាំញៀន​ចំនួន​ជាង ៥​លាន​គ្រាប់ និង​ប្រភេទ​ទឹកកក ក្នុង​ការុង​ទម្ងន់ ១៨៥​គីឡូក្រាម​ទៀត​។ ទំនិញ​ខុសច្បាប់​ដ៏​ច្រើន​សម្បើម​នេះ​ត្រូវបាន​រកឃើញ នៅពេល​ដែល​ប៉ូលិស​ល្បាត​ព្រំដែន និង​កងកម្លាំង​យោធា​មកពី​បន្ទាយ Pha Muang ចុះ​ស្រាវជ្រាវ​រក​ករណី​រត់​ពន្ធ​ខុសច្បាប់​តាម​ផ្លូវ​ធំ និង​តាម​ផ្លូវ​ឆ្លងកាត់​ព្រៃ ក្បែរ​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា នៃ​តំបន់ Ping Khong នៃ​ស្រុក​ចាង​ដោ កាលពី​ពេល​ថ្មីៗ​កន្លងទៅ​។​​

កងកម្លាំង​ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ Dilok Arinpeng ប្រធាន​អង្គភាព​កងកម្លាំង​ការពារ​ព្រំដែន​លេខ 335 បានទទួល​ព័ត៌មាន​ថា មាន​ករណី​រត់ពន្ធ​ខុសច្បាប់ ហើយ​រក្សា​ទុក​នៅ​ក្នុង​ព្រៃ​ដែល​មាន​បំណង​ចែកចាយ​ដល់​អតិថិជន លោក​ក៏​ចុះ​ធ្វើ​អន្តរាគមន៍​រក​ទាល់តែ​ឃើញ ប៉ុន្តែ​ឈ្មួញ​ទុច្ចរិត​ទាំងនោះ បាន​រត់គេចខ្លួន​បាត់​ស្រមោល​ចោល​ទំនេញ​របស់​ពួកគេ​។ ​

ក្នុង​រូងភ្នំ​តូច​មួយ​នៅក្នុង​ព្រៃ​ចន្លោះ តំបន់ Bang Nong Tao និង Ban Thamkaeb សមត្ថកិច្ច​បាន​រកឃើញ​ការុង​ចំនួន ៥៤ ដែល​ផ្ទុក​ទៅ​ដោយ​ថ្នាំ​គ្រាប់​ចំនួន ៥,៤​លាន​គ្រាប់ ហើយ​១០​ការុង​ទៀត​មាន​ទម្ងន់​១៨៥​គីឡូក្រាម​ជា​ប្រភេទ​ទឹកកក​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា តំបន់​ដែល​ថ្នាំ​នេះ​ត្រូវបាន​រឹបអូស គឺ​នៅ​ជិត​មូលដ្ឋាន​នៃ​ក្រុម​ជនជាតិភាគតិច​ភូមា ដែល​ធ្វើ​ប្រតិបត្តិការ​រោងចក្រ​ផលិត​ថ្នាំញៀន​៕