ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យប្តីប្រពន្ធពីរនាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពីបទដឹកនាំគ្រប់គ្រងគ្រឹះស្ថានសម្រាប់ធ្វើពេស្យាចារ ប្រព្រឹត្តនៅភូមិត្រពាំង ព្រីង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកនោះ ត្រូវចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ ។

ជនសង្ស័យពីរនាក់នេះ ឈ្មោះសោម ប៊ុនរ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ (ត្រូវជាប្ដី ) និងឈ្មោះសំ ពេជ្រ អាយុ៤៥ឆ្នាំ ជាតិខ្មែរ (ត្រូវជាប្រពន្ធ) ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ពីបទដឹកនាំគ្រប់គ្រងគ្រឹះស្ថានសម្រាប់ធ្វើពេស្យាចារ (ជួញដូរផ្លូវភេទ)។

ជនសង្ស័យប្តីប្រពន្ធពីរនាក់ ត្រូវចៅក្រមស៊ើបសួរ លោក ឈិត វិនា ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៧០ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ៕