ភ្នំពេញ៖ ជនសង្ស័យមុខមាត់ស្អាតបាត២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទដៃនារីម្នាក់នៅតាមផ្លូវក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រយៈពេល៤ថ្ងៃ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ 

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ម្នាក់បានរៀបរាប់សំណុំរឿងនេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយមានរូបថតមួយសន្លឹកដែលជនសង្ស័យម្នាក់កំពុងលុតជង្គង់សុំទោសជីដូនរបស់ខ្លួន។

ក្នុងចំណោមជនសង្ស័យ២នាក់នោះ មានម្នាក់អាយុ១៨ឆ្នាំ មុខរបរជាសន្តិសុខ និងម្នាក់ទៀត មានអាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃនារីម្នាក់ កាលពីថ្ងៃទី៨ ខែកក្កដា នៅពេលដែលជនរងគ្រោះ ឈប់ម៉ូតូ ដើម្បីទទួលការហៅចូល។ ភ្លាមៗនោះ ជនសង្ស័យទាំងពីររូបដែលជិះម៉ូតូតាមពីក្រោយ បានធ្វើសកម្មភាពឆក់ ប៉ុន្តែក្រោយមកត្រូវរាជអាវុធហត្ថខណ្ឌដង្កោ ប្រដេញតាម ហើយចាប់ខ្លួនបានទាំងពីរនាក់តែម្ដង។

ជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ តែអ្វីដែលសោកសៅបំផុតនោះ ជនសង្ស័យម្នាក់ដែលខោអាវប្រឡាក់ទៅដោយឈាម បានលុតជង្គង់សុំទោសជីដូនរបស់ខ្លួន។ ចំណែកជីដូនបានត្រឹមតែទ្រហោយំ សោកស្តាយប៉ុណ្ណោះ ខណៈចៅប្រុសមិនអាចរួចផុតពីសំណាញ់ច្បាប់បាននោះឡើយ។ បើតាមកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យដែលមានមុខមាត់ស្អាតបាតរូបនោះ រស់នៅជាមួយជីដូនតាំងពីក្មេងមក ដោយសារឪពុកម្តាយស្លាប់ចោល៕