ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រឿងៗ ទៅបន្ទប់ទឹកមិត្តភក្តិសុំសោរថយន្តកាន់ចេញមកវិញ មិត្តភក្ដិយករថយន្តគេចខ្លួនបាត់បុរសម្នាក់ស្រវឹងស្រាស្រឿងៗ ទុកចិត្តមិត្តភក្តិពេលចូលទៅបន្ទប់ទឹកមិត្តភ័ក្តិសុំកូនសោរថយន្តកាន់ ពេលចេញពីបន្ទប់ទឹកវិញ មិត្តភក្ដិយករថយន្តបើកគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ខែ កក្កដាឆ្នាំ ២០១៩នៅមុខ ម៉ាត ខូល ផ្លូវជាតិលេខ៤កែងផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនុបកប់ស្រូវ ដែលស្ថិតនៅ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។


ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ តុប សាវី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ រថយន្តដែលមិត្តភក្ដិយកទៅបាត់ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2R- 7705 ។ ចំណែកជនសង្ស័យមានឈ្មោះ ពៅ ធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។


តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុមិត្តភក្កិរបស់គាត់បានណាត់គាត់មកផឹកស៊ីនៅហាងខារ៉ាអូខេហុងកុង ដែលស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មកពួកគាត់បានផឹកស៊ីអស់មួយឈុត ភាគីជនសង្ស័យនិងជនរងគ្រោះបាននាំគ្នាចូល ម៉ាត ខូល នៅទីតាំងខាងលើដើម្បីផឹកបន្តទៀតនិងពិភាក្សាការងារ លុះបន្ទាប់មកជនរងគ្រោះបានចូលទៅបន្ទប់ទឹក ជនសង្ស័យដែលជាមិត្តភក្កិខាងលើបានសុំកូនសោរថយន្តនិងសាក់កាដូទុក ដោយប្រើពាក្យសម្ដី ថាមិត្តភក្ដិ ស្រវឹងហើយ ចាំខ្ញុំទុកឲ្យ ។


ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលគាត់បានចូលបន្ទប់ទឹកអស់រយៈពេលប្រមាណជាង២នាទីគាត់បានត្រឡប់ចញមកវិញ ស្រាប់តែជនសង្ស័យដែលជាមិត្តភក្ដិបានយករថយន្ត ព្រមទាំងសាក់កាដូរបស់គាត់ បើករថយន្តគេចខ្លួនបាត់ ។ 
ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ទី២ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដើម្បីស៊ើបអង្កេតរកមុខសញ្ញាខាងលើដើម្បីចាក់ការតាមនីតិវិធី ៕