ខេត្តឧត្ដរមានជ័យ៖ នាងក្រមុំម្នាក់ដែលទើបភ្ជាប់ពាក្យជាមួយគូដណ្តឹងបាន១ថ្ងៃ បានប្ដឹងសមត្ថកិច្ចថា នាងត្រូវម្ដាយបង្កើតចាប់ចង និងដាក់ច្រវាក់បង្ខាំងនៅក្នុងផ្ទះមេប៉ុស្តិ៍នគររដ្ឋបាលបាក់អន្លូង ដែលត្រូវជាដន្លង ព្រោះតែចង់បំបែកចេញពីគូដណ្ដឹងរបស់នាងឲ្យទៅយកប្តីផ្សេងម្នាក់ទៀតនៅក្រុងភ្នំពេញ តែនាងប្រកែកមិនព្រមទទួលយកប្តីផ្សេងនោះដាច់ខាត ទោះស្លាប់ក៏នាងមិនអាចបែកគ្នាជាមួយបុរសជាគូដណ្ដឹងរបស់នាងបានដែរ ព្រោះនាងបានទុំមុនស្រគាល រហូតដល់មានផ្ទៃពោះ៣ខែជាមួយគ្នាទៅហើយ ។រឿងរ៉ាវនេះត្រូវបានភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បន្ទាប់ពីនារីរងគ្រោះទៅ ដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលស្រុក ជួយរកយុត្តិធម៌ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ស៊ុន ស្រីនិច អាយុ១៩ឆ្នាំ បានអះអាងប្រាប់សមត្ថកិច្ចថា នាងត្រូវម្ដាយបង្កើតឈ្មោះ ឈ្មោះហៀង មុំ អាយុជាង៤០ រស់នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បង្កហិង្សាបង្ខាំង ចងនាង និងដាក់ច្រវ៉ាក់ នៅក្នុងផ្ទះលោករ៉ាត់ (ឈ្មោះហៅក្រៅ)ជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាលបាក់អន្លូង ជាដន្លង ព្រោះតែចង់បំបែកនាងចេញពីគូដណ្ដឹង ឲ្យទៅយកប្តីផ្សេងម្នាក់ទៀតនៅក្រុងភ្នំពេញ ។នារីរងគ្រោះ បានរៀបរាប់ថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្ដាយបង្កើតរបស់នាងបានប្រើហិង្សាមកលើរូបនាងយ៉ាងខ្លាំង ដោយចាប់នាងចង និងខ្សែព្រមទាំងដាក់ច្រវាក់យកទៅឃុំខ្លួននៅផ្ទះតារ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋាបាលបាក់អន្លូង អស់រយៈពេល៧ម៉ោង គឺតាំងពីម៉ោង៣រសៀលដល់ម៉ោង១០យប់ទើបដោះលែងនាងវិញ ។


នាងស៊ុន ស្រីនិច បានបញ្ជាក់ថា មូលហេតុដែលម្តាយនាងបានធ្វើទារុណកម្ម វ៉ៃធ្វើបាបចាប់ចង និងដាក់ច្រវាក់លើរូបនាងនេះ ព្រោះតែចង់បំបែកបំបាក់នាងពីគូដណ្ដឹងឈ្មោះ សួរ ណេត អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នា ក្រោយនាងបានភ្ជាប់ពាក្យបានមួយថ្ងៃ និង ដើម្បីបង្ខំឲ្យនាងឲ្យទៅយកប្តីផ្សេងម្នាក់ទៀតនៅទីក្រុងភ្នំពេញ ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ និងមានការងារល្អ ។ តែនាងប្រកែកមិនព្រមទទួលយកប្តីផ្សេងនោះដាច់ខាត ទោះស្លាប់ក៏នាងមិនអាចបែកគ្នាជាមួយបុរសជាគូដណ្ដឹងរបស់នាងបានដែរ ព្រោះនាងបានទុំមុនស្រគាល រហូតដល់មានផ្ទៃពោះ៣ខែទៅហើយ ។នាងស៊ុន ស្រីនិច ក៍បានបញ្ជាក់ផងដែរថា ពេលដែលម្ដាយរបស់នាងឃុំខ្លួននាងចង និងច្រវ៉ាក់នៅលើផ្ទះតារ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាលនោះ លោកតារ៉ាត់ បាននិយាយទៅកាន់ម្ដាយនាងតាមទូរស័ព្ទថា អ្នកឯងធ្វើអ៊ីចឹងឃោរឃៅពេកហើយ ។ តែយ៉ាងណា តារ៉ាត់ មិនអាចជួយនាងបានទេព្រោះគាត់និងម្ដាយរបស់នាងជាដន្លងនិងគ្នា ។

ទាក់ទិនដល់រឿងនេះ លោកអ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា លោកបានជួយធ្វើអន្តរាគមន៍រួចហើយ នៅពេលម្ដាយនាងស៊ុន ស្រីនិច តាមយាយីកូនស្រីនោះ លោកបានឲ្យនាងសម្រាកនៅនឹងកន្លែងធ្វើការរបស់លោកអស់មួយយប់ ដើម្បីការពារសុវត្ថិភាពកុំឲ្យម្តាយធ្វើបាប ។អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានបន្តថា រឿងនេះ លោកក៏បានកោះអញ្ជើញម្ដាយនារីខាងលើមកបំភ្លឺក្នុងករណីបង្ខាំងកូនស្រីខុសច្បាប់ដែរ តែពួកគាត់មិនបានចូលបំភ្លឺទេ ហើយលោកបានពន្យល់ដល់នាងស៊ុន ស្រីនិច ថា បើស្រលាញ់គ្នាប្តូរផ្តាច់ជាមួយគូដណ្តឹងយ៉ាងនេះ នាងអាចដឹកដៃគូដណ្តឹងទៅចុះអេតាស៊ីវីល(លិខិតទទួលស្គាល់អាពាហ៍ពីពាហ៍) នៅសាលាឃុំបាន ។


ចំណែកនាង ស៊ុន ស្រីនិច វិញបានបញ្ជាក់ថា នាងបានធ្វើតាមការណែនាំរបស់លោកអធិការនគរបាលស្រុកត្រពាំងប្រាសាទ ហើយ តែពេលទៅដល់សាលាឃុំ គេមិនព្រមចុះអេតាស៊ីវីល(លិខិតទទួលស្គាល់អាពាហ៍ពីពាហ៍)នោះ ឲ្យទេ ។
ដោយឡែក លោកតា រ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលបាក់អន្លូង បានបដិសេធថា នារីដែលត្រូវម្ដាយចាប់ចង និងច្រវ៉ាក់នៅផ្ទះរបស់លោកនោះ លោកមិនបានដឹងទេ ព្រោះលោកជាប់រវល់ការងារនៅប៉ុស្ដិ៍ ឯណោះ ។ តែយ៉ាងណារឿងរ៉ាវនេះ ត្រូវបានលោកអធិការនគរបាលស្រុក ត្រពាំងប្រាសាទ អះអាងថា បើមានពាក្យបណ្តឹងពីកូនស្រីទៅហើយ ស្រ្តីជាម្តាយមិនរួចខ្លួនទេ សមត្ថកិច្ចរបស់លោក នឹងចាត់ការតាមច្បាប់ហើយ ៕