ភ្នំពេញ: យុវជនម្នាក់ ខណៈកំពុងបើកម៉ូតូធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តឡិចស៊ីស ១គ្រឿង បើកបោះពួយយ៉ាងលឿនមកបុកយ៉ាងពេញទំហឹង ហើយអូសប្រមាណជា១០០ម៉ែត្រ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុគួរឲ្យរន្ធត់ជាទីបំផុត។  

ហេតុការណ៍ដ៏រន្ធត់នេះ  បានកើតឡើងនៅវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស ត្រង់ចំណុចជិតវត្តកោះ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ មានឈ្មោះជិន ស៊ីណែត ភេទប្រុស អាយុ២០ឆ្នាំ មុខរបសន្តិសុខជាន់ខ្ពស់ក្រុមហ៊ុនលីប្រា។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានបើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL- 5191  ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកឡិស៊ីស ពណ៌ស បោះពួយយ៉ាងលឿនមកបុកជនរងគ្រោះពីក្រោយពេញទំហឹង ហើយអូសប្រមាណជា១០០ម៉ែត្រ បែកផ្កាភ្លើង បណ្ដាលឲ្យយុវជនស្លាប់ និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ដេកដួលនៅកន្លែងកើតហេតុឲ្យរដូករណែល ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវទេ ដោយបានបន្ថែមល្បឿនបើករត់គេចចេញពីកន្លែងបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់កន្លែកើតហេតុ ទាក់ទងហៅរថយន្តសាម៉ុយឯកជនដឹកអ្នករបួស យកទៅសង្គ្រោះ ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដូនពេញ  ដើម្បីធ្វើការស្រាវជ្រាវរករថយន្តបង្ក ចាប់ខ្លួនទាំងអ្នកបើកបរមកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ចំណែក សពរងគ្រោះសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕