ការសឹករិចរិលឆាប់រហ័សនៃដីកសិកម្ម ក៏បណ្ដាលមកពីកត្តាប្រែប្រួលអាកាសធាតុ ការភ្ជួររាស់ដីមិនបានត្រឹមត្រូវ មិនទប់ភ្លឺស្រែដើម្បីរក្សាទឹក និងការមិនដាំដំណាំពពួកសណ្ដែកធ្វើជាគម្របដីក្រោយពេលប្រមូលផលស្រូវរួចម្ដងៗ។ កត្តាទាំងនេះ ធ្វើឲ្យដីកាន់តែហាប់ និងខ្សោះជីជាតិ ហើយឫសស្រូវចាក់មិនបានជ្រៅចូលក្នុងដី ពុំមានពពួកសត្វល្អិតក្នុងដី និងគ្មានអុកស៊ីសែន ទើបដំណាំមិនសូវល្អ។


ដីខ្សោះជីជាតិ ឬដីខូច គឺសំដៅលើដីដែលរឹង មិនអាចរក្សាសំណើមបានយូរ ហើយដំណាំដែលដាំដុះនៅលើដីនោះមិនសូវល្អ និងមិនផ្ដល់ទិន្នផលច្រើនឡើយ បើមិនប្រើជីគីមីបន្ថែមនៅពេលដាំដុះម្ដងៗ។ ដូចនេះកសិករគួរតែកាត់បន្ថយការប្រើប្រាស់ជីគីមី ហើយងាកមកអនុវត្តន៏នូវវិធីធម្មជាតិដូចខាងក្រោម៖
-ប្រើប្រាស់ជីកំប៉ុស្ត (ជីដែលផ្សំពីជីធម្មជាតិផ្សេងៗ ហើយទុកឱ្យពុកល្អ) ដើម្បីឱ្យដីផុស និងអាចរក្សាសំណើមបានល្អ
-មិនគួរដាំដំណាំមុខដដែលៗលើដីដដែលទេ គឺត្រូវដាំឆ្លាស់មុខដំណាំតាមរដូវ-គួរដាំដំណាំជីស្រស់បៃតង ដើម្បីយកស្លឹកធ្វើជាជីដល់ដី
-គ្របដីជាប្រចាំ ដើម្បីការពារដីពីការរងនូវកំដៅថ្ងៃខ្លាំង ដើម្បីរក្សាសំណើមក្នុងដីឱ្យបានល្អ និងការពារនូវការហូរសឹកនូវស្រទាប់ដីខាងលើ-មិនត្រូវប្រើជីគីមី និងថ្នាំពុលទេ ព្រោះវានាំឱ្យប៉ះពាល់ដល់សត្វល្អិតដែលរស់នៅក្នុងដី(ឧទាហរណ៍ជន្លេន)

  • ប្រសិនបើដីនោះខ្សាច់ពេក ត្រូវបន្ថែមដីឥដ្ឋ ឬដីដំបូកខ្លះៗ(តែបើដីឥដ្ឋពេក គេអាចបន្ថែមដីខ្សាច់ខ្លះៗ)
    -ប្រសិនបើដីនោះដីជាំទឹកខ្លាំង ត្រូវធ្វើប្រព័ន្ធរំដោះទឹក តាមរយៈការជីកជាកូនប្រឡាយ ឬចង្អូរនៅក្នុងសួន ៕