ភ្នំពេញ៖ ទីបំផុត លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ សួង នាគព័ន្ធ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹងករណីញុះញង់ ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ។


កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ សួង នាគព័ន្ធ, ឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួន នៅពេលដែលពួកគេបានចែកខិត្តបណ្ណ ដែលសមត្ថកិច្ចចាត់ទុកថាជាសកម្មភាពញុះញង់ ពាក់ព័ន្ធនឹងឃាតកម្ម លោកកែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្តារម៉ាត ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។


តែក្រោយពេលសាកសួរ សមត្ថកិច្ចបានដោះលែងជនសង្ស័យឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ឱ្យមានសេរីភាពវិញ តែបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ ទៅតុលាការក្រោមបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍៕