ផ្សិត ត្រូវបានគេដឹងថាជាបន្លែដែលមានពូជច្រើនប្រភេទខុសៗគ្នា ហើយមានរសជាតិខុសៗគ្នាអាស្រ័យទៅនិងពូជរបស់ ប៉ុន្តែវាមានរសជាតិឆ្ងាញ់ដូចៗគ្នា។ ផ្សិតម្ជុល ត្រូវបាន ប្រជាកសិករនិយមដាំបំផុតពីព្រោះវាគឺជាដំណាំ មានតម្លៃក្នុងទីផ្សារខ្ពស់ ហើយវាពុំសូវជាទាមទារនូវទំហំដីដាំដុះប៉ុន្មានទេ ប៉ុន្តែវាទាមទារឲ្យអ្នកដាំមានបច្ចេកទេសខ្ពស់ក្នុងការដាំ និងថែទាំ បើពុំនោះទេផ្សិតរបស់អ្នកនឹងមិនបានទទួលបានទិន្នផលល្អឡើយ។ តើត្រូវមានបច្ចទេសដូចម្ដេចទើបអាចដាំផ្សិតម្ជុលទទួលបានផលល្អ?

*ការរៀបចំកន្លែងដាក់បណ្តុះ

- ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើងត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា។
- វិធីផ្សំវត្ថុធាតុសម្រាប់បណ្តុះ
- វិធីសាស្រ្តទី១៖ អាចម៍រណារ ៧៧%, កន្ទក់ ២០%, ស្កសរ ១%, កំបោរស ១%, ជី super phosphate ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។
- វិធីសាស្រ្តទី២៖ ចំបើងហាន់ឲ្យម៉ដ្ឋ ៧២%, កន្ទក់ ២០%, ស្នូលពោតកិន ៥%, ស្កសរ ១%, ជី super phosphate ១%, កំបោរស ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។
ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែ តែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាចយកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន។



- វិធីបណ្តុះ និងថែទាំ
- ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បានបរិមាណ៤-៥ខាំ។
- ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត។
- ទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។
- យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ។
- ដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់
មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់ ។ - បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក។
- ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី២០-២៣អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន។
- នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើម
ក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង - នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើម
ក្នុងរោង៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូត
ដល់ពេលប្រមូលផល។ - ការប្រមូលផល
-នៅពេលដែលផ្សិតដុះបាន១៥សង់ទីម៉ែត្រ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ
-ប៉ុន្តែផ្សិតត្រូវរក្សាទុកក្នងកន្លែងត្រជាក់ចៀសវាងមានការខូចឃាត ៕



