ភ្នំពេញ ៖ អតីតតារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ព្រះតេជគុណ តាក់ស៊ី ក្រោយពីសាងផ្នូសជាសង្ឃមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែឃើញព្រះអង្គបានទេសនាជាលើកដំបូង ទទួលការចាប់អារម្មណ៍ និងបានធ្វើឲ្យមានការសើចក្អាកក្អាយពីញាតិញោមពេញរោងបុណ្យ ។ ជាមួយគ្នានេះ មានមហាជនមួយចំនួន នាំគ្នារិះគន់ព្រះអង្គយ៉ាងចាស់ដៃផងដែរ។


ក្រោយពីមានការរិះគន់ ព្រះតេជគុណ តាក់ស៊ី មានបន្ទូលបញ្ជាក់ថា ក្នុងការឡើងទេសនានោះ ព្រះអង្គមិនមានពាក្យអ្វីដែលត្រូវថ្លែង មានតែពាក្យសម្តីនិយាយលេងឲ្យបានសើចចែកជូនញាតិញោម ក្នុងនោះអាត្មាក៏បានបញ្ចូលនូវធម៌វិន័យផងដែរ។ ព្រះអង្គ ក៏សូមទោសដល់ញាតិញោមទាំងអស់នូវកំហុសខុសឆ្គងទាំងឡាយ និងសូមទទួលយកការរិះគន់ទាំងអស់ ដើម្បីមកកែប្រែ ហើយព្រះអង្គពុំមានចេតនាណាបំផ្លាញដល់ព្រះពុទ្ធសាសនានោះឡើយ។


លុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ព្រះតេជគុណតាកស៊ី បានធ្វើកិច្ចសន្យាចំពោះព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគុណខេត្តកំពង់ស្ពឺ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ ដោយមាន៣ ចំណុចដូចខាងក្រោម៖
១. ឈប់ទេសនាមួយរយៈពេល។
២. ឈប់សម្តែងធម៌ទេសនាដែលមានកាយវិកាមិនសមជាសមណៈ ឬសំឡេងដូចអ្នកកំប្លែង។
៣. រហូតដល់ខ្ញុំព្រះករុណា បួសបានយូរគួរសម និងរៀនព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើន៕