សណ្ដែកកួរ ជារុក្ខជាតិមួយប្រភេទនិងជាគ្រាប់ធញ្ញជាតិម្យ៉ាង ដែលប្រជាកសិករមួយ ចំនួនតែងតែដាំ ដើម្បីយកទៅផ្គត់ផ្គង់នៅលើទីផ្សារ ប៉ុន្ដែវិធីសាស្ត្រនៃការដាំដុះរបស់កសិករនៅមានកម្រិតនៅឡើយខ្លះទទួលបានផលល្អ ខ្លះទទួលបានផលមិនសូវល្អទេ ព្រោះពួកគាត់ពុំដាំតាមបច្ចេកទេស។ ការដាំសណ្ដែកកួរមិនមានបច្ចេកទេសត្រឹមត្រូវធ្វើឱ្យខាតពេលវេលានិងថវិកា ហើយទិន្នផលមិនល្អទៀត។ ដូចនេះដើម្បីដាំសណ្ដែកកួរ ទទួលបានផលល្អ និងត្រឹមត្រូវតាមបច្ចេកទេសយើងនិងបង្ហាញពីរបៀបដាំដូចខាក្រោម៖

១) ការលើករង
-សំអាតដីចំការហើយរើសស្មៅចេញឱ្យអស់។
-ភ្ជួររាស់ដីឱ្យបានម៉ដ្ឋល្អ ហើយហាលឱ្យបានពី១០ទៅ១៥ថ្ងៃ។
-ភ្ជួរដីជម្រៅពី១៥ទៅ២០សង់ទីម៉ែត្រ។

*ការលើករងដាំ
-ទទឹង១ម៉ែត្រនិងបណ្ដោយទៅតាមលទ្ធភាពដី តែមិនគួរឱ្យលើសពី១៥ម៉ែត្រ ដែលធ្វើឱ្យពិបាកក្នុងការថែទាំ ដូចជាស្រោចទឹក និងដកស្មៅជាដើម។
-ចំណែកចន្លោះរង ពីរងមួយទៅរងមួយ អាចមានចន្លោះ០,៥ម៉ែត្រ។
-កម្ពស់វិញ នៅរដូវប្រាំង រងមានកំពស់ពី២០ទៅ៣០សង់ទៅម៉ែត្រ ហើយសម្រាប់រដូវវស្សាកម្ពស់ពី៣០ទៅ៥០សង់ទីម៉ែត្រ។
-ត្រូវដាក់លាមកសត្វស្ងួត ឬជីកំប៉ុស្ដិ៍ ចំនួនពី១ទៅ២គីឡូក្រាម ក្នុងផ្ទៃដីរង១ម៉ែត្រការ៉េ កប់ទ្រាប់បាតរងដោយច្របល់វាឱ្យសព្វល្អជាមួយដីរង។
-ត្រូវគ្របរង ដើម្បីទប់ស្កាត់ការហូរច្រោះរង ការពារសំណើមដី កាត់បន្ថយការដុះស្មៅ។
យើងអាចធ្វើរងបាន២ប្រភេទដូចជាការធ្វើរងប្រើប្លាស្ទិចគ្របដីនិងធ្វើរងដោយប្រើចំបើងគ្រប៖

*ការធ្វើរងប្រើប្លាស្ទិចគ្របដី
ទី១ ប្រើខ្សែទាញតម្រង់ ដើម្បីចោះរណ្ដៅដាំកូន និងប្រើខ្នាតសំរាប់ចោះរណ្ដៅពីគុម្ពមួយទៅគុម្ពមួយ។
ទី២ ប្រើកំប៉ុងក្ដៅសម្រាប់ចោះរណ្ដៅ
ទី៣ រៀបចំទ្រើងសំណាញ់ ឬកូនឈើឱ្យហើយមុនដាំកូន-គ្រាប់ឬបន្ទាប់ពីដាំកូន-គ្រាប់មិនឱ្យយឺតជាង៧ថ្ងៃ។
*ការធ្វើរងដោយប្រើចំបើងគ្រប: ការធ្វើរងដោយប្រើចំបើងគ្របមិនមានអ្វីស្មុគស្មាញទេ ដោយគ្រាន់តែយកចំបើងគ្របជាការស្រេច។

២) ការដាំសណ្ដែកកួរដោយបណ្ដុះគ្រាប់មុនដាំ
*មុននឹងបណ្ដុះគ្រាប់យើងត្រូវធ្វើរានបណ្ដុះកូនសិន៖ ការធ្វើរោងបណ្ដុះកូនបន្លែគឺអាចធ្វើឱ្យគ្រាន់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបានពីការឆ្លងជំងឺពីសត្វល្អិតចង្រៃ។ រោងបណ្ដុះកូនបន្លែមានដូចជា ដំបូលសម្រាប់គ្របរានត្រូវមានកំពស់ពី១,៨ទៅ២ម៉ែត្រដើម្បីងាយស្រួលចេញចូលថែទាំកូន ហើយចំណែកកម្ពស់រាន ពី០,៨ទៅ១ម៉ែត្រនិងមានដំបូលការពារទឹកភៀងនិងសំណាញ់ការពារពន្លឺថ្ងៃ ។ហើយត្រូវមានជញ្ជាំងធ្វើពីសំណាញ់មុង ការពារសត្វល្អិត។

*ករណីមួយទៀត ត្រូវរៀបចំដីបណ្ដុះកូនសណ្ដែកកួរ៖ ត្រូវយកដីមានជីវជាតិ១ភាគលាយជាមួយដីលាមកគោស្ងួតឬជីកំប៉ុស្តិ៍២ភាគ និងផេះអង្គាមពី៣ទៅ៤ភាគ ម្យ៉ាងទៀតយកល្បាយដែលបានច្របល់គ្នាឱ្យសព្វ ហើយយកទៅលីងរហូតក្ដៅសព្វទាំងអស់។

*ករណីមួយទៀតត្រូវរៀបចំបណ្ដុះគ្រាប់សណ្ដែកកួរគឺត្រូវរៀបចំបណ្ដុះគ្រាប់ ព្រមជាមួយគ្នានឹងការលើករងដាំដែរ ហើយការបណ្ដុះគ្រាប់សណ្ដែកកួររួមមាន៖
-យកគ្រាប់១គ្រាប់ដាក់បណ្ដុះផ្ទាល់ក្នុង១កន្ទោងឬ១រន្ធ បន្ទាប់មករោយដីស្ដើងៗពីលើគ្រាប់។
-ស្រោចទឹករៀងរាល់ព្រឹកឱ្យជោគល្មមពី១ដងទៅ២ដងក្នុង១ថ្ងៃ។

*ការដាំកូនសណ្ដែកកួរ
បន្ទាប់ពីគ្រាប់ដុះបាន៣ថ្ងៃហើយ យើងត្រូវពង្រឹងកូនសណ្ដែកសិន មុននឹងយកទៅដាំ ដោយដាក់កូនសណ្ដែក ឱ្យត្រូវពន្លឺថ្ងៃ។ការពង្រឹងកូនបែបនេះ នឹងជួយឱ្យកូនសណ្ដែករឹងមាំល្អ បន្ទាប់ពីដាំហើយនោះ។ ជាការកត់សម្គាល់កូនសណ្ដែកអាយុចន្លោះពី៦ថ្ងៃទៅ៨ថ្ងៃអាចយកដាំបានហើយ។របៀបដកកូនបន្លែចេញពីកន្លែងបណ្ដុះឬក៏ថាសបណ្ដុះ គឺយកម្រាមដៃរុញបាតថាសឡើងលើ ហើយដៃម្ខាងទៀតដកកូនសណ្ដែកកួរថ្មមៗ ដើម្បីកុំឱ្យដាច់ឬស។ យើងអាចដាំកូនសណ្ដែកកួរនៅពេលសៀល។ ទាំងនេះជាការដាំសណ្ដែកកួរតាមការបណ្ដុះជាមុននឹងដាំនៅលើរង។ តែយើងក៏អាចដាំសណ្ដែកគួរដោយផ្ទាល់លើរងក៏បានដែរ។

៣)ការថែទាំ៖ មុនដំបូងយើងត្រូវដាក់ជីបំប៉នត្រូវដាក់ជីនិងស្រោចទឹកឱ្យទៀងទាត់ជាប្រចាំ។ ពេលវេលានិងបរិមាណជីត្រូវដាក់អាស្រ័យទៅតាមប្រភេទដី។ដាក់ជីបំប៉នឱ្យរៀងរាល់៧ថ្ងៃម្ដង បន្ទាប់ពីដាំកូនសណ្ដែកកួរ។ និយាយពីរបៀបដាក់ជីបំប៉ននោះមានដូចជា៖
-រងគ្របប្លាស្ទិចឬគ្របចំបើង ត្រូវយកឈើបុករណ្ដៅសងខាងគុម្ពទើបដាក់ជី។
-ដាំកូនបន្លែបានរយៈពេល១៤ថ្ងៃ ត្រូវដាក់ជីចំងាយពី១៨ទៅ២៥សង់ទីម៉ែត្រ។
-យើងត្រូវដាក់ជីបំប៉នឱ្យទៀងទាត់ចន្លោះពី៧ថ្ងៃទៅ១៥ថ្ងៃម្ដង បន្ទាប់ពីដាំកូនបន្លែហើយ គឺអាស្រ័យតាមប្រភេទដី។ មិនត្រូវដាក់ជីនៅពេលថ្ងៃក្ដៅ ដើម្បីជៀសវាងការប៉ះពន្លឺថ្ងៃក្ដៅខ្លាំង បន្ទាប់មកត្រូវស្រោចទឹកភ្លាមក្រោយពីដាក់ជីរួច។
ចំពោះការស្រោចទឹកគឺយើងត្រូវស្រោចទឹកនៅពេលព្រឹក តាមចន្លោះរង។ បើស្រោចទឹកពេលថ្ងៃត្រង់ឬពេលល្ងាចអាចធ្វើឱ្យសណ្ដែកកួរមានបញ្ហា ដូចជារលួយជាដើម។ យើងត្រូវស្រោចទឹកឱ្យបានទៀងទាត់ មិនត្រូវឱ្យដីស្ងួតពេក ជាពិសេសបន្ទាប់ពីដាំកូនហើយ ឬគ្រាប់ដុះហើយ។

*នៅពេលដែលវាដុះហើយ យើងត្រូវធ្វើទ្រើង
យើងអាចធ្វើទ្រើងសណ្ដែកកួរតាមរបៀបផ្សេងៗគ្នា គឺយើងអាចចងខ្សែផ្គុំខាងចុងផ្នែកខាងលើ ប្រើសំណាញ់ទ្រើងឬប្រើកូនឈើឬឬស្ស៊ី។ កសិករត្រូវជ្រើសរើសប្រភេទទ្រើងណា ដែលរឹងមាំ។
បន្ទាប់មកទៀត យើងត្រូវជម្រះស្មៅឱ្យបានស្អាត ទោះបីជារងគ្របចំបើងឬគ្របប្លាស្ទិចក៏ដោយ។ ក្រៅពីដណ្ដើមជីពីដំណាំ ស្មៅដុះនៅតាមចន្លោះរង ឬនៅក្នុងចំការ។


៤) ជំងឺនៅក្នុងសណ្ដែកកួរនិងវិធានការការពារ
នៅក្នុងសណ្ដែកកួរអាចមានជំងឺម្យ៉ាង ដែលគេហៅថាទ្រីប។ ទ្រីបគឺជាជំងឺបង្កឱ្យផ្កាប្រែពណ៌ត្នោត ក្លាយជាស្ងួត ហើយរហ័សជ្រុះ។ ទ្រីបជាភ្នាក់ងារចម្លងជំងឺវីរុស ធ្វើឱ្យដើមលូតលាស់មិនបានល្អ។ ចំពោះវិធីសាស្ត្រការពារវិញ គឺត្រូវជៀសវាងដាំសណ្ដែកកួរដដែលៗក្នុងចំការតែមួយប្រើប្លាស្ទិចគ្របដី ។ ម្យ៉ាងទៀតយើងអាចកម្ចាត់តាមរបៀបដោយបាញ់ថ្នាំក៏បាន។
សណ្ដែកកួរក៏អាចមានចៃដែរ៖ ចៃវាអាចបំផ្លាញដំណាំគ្រប់ប្រភេទ។ គេអាចសំគាល់ចំការបន្លែមានចៃបាន ដោយសារមានស្រមោចជាច្រើនប្រភេទរោមឬតោងឡើងលើដំណាំ។ រយៈពេលពី៣ទី៤ថ្ងៃធ្វើឱ្យស្លឹកដំណាំរួញ។ចៃនេះជាអ្នកចម្លងជំងឺវីរ៉ុសទៅដំណាំ។ ចំណែកវិធានការការពារវិញ គឺយើងត្រូវបេះសំបុកចៃដោយដៃ ប្រើប្លាស្ទិចគ្របដីដាំដំណាំ ប្រើអន្ទាក់ស្អិតជាដើម។

៥) ការប្រមូលផល
-យើងត្រូវបេះសណ្ដែកកួរ ទៅតាមទំហំតម្រូវការទីផ្សារ។
-ត្រូវបេះនៅពេលព្រឹកដោយប្រើកន្ត្រៃកាត់ទង។
-បេះផ្លែដាក់ក្នុងសម្ភារដែលមានផ្ទៃរលោង ដើម្បីជៀសវាងការកកិតនិងជាំផ្លែ។
-ច្រកថង់ដែលមានបរិមាណសមស្របមានគុណភាពស្វិតទន់។
-ថង់ត្រូវចោះរន្ធតូចៗដើម្បីឱ្យមានខ្យល់ចេញចូល។
-ជៀសវាងច្រកបន្លែច្រើនហួសបរិមាណ ហើយមិនត្រូវប្រើសម្ភារគ្មានខ្យល់ចេញចូល ព្រោះវាធ្វើឱ្យបន្លែឆាប់ខូចគុណភាពនិងអាចរលួយទៀត៕