រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​អោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ លុយ​ដុល្លារដែល​មិន​មាន​ប្រភព​ច្បាស់លាស់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជារឹបអូស​បានជា​បន្តបន្ទាប់ មាន​ចំនួន​៧.៤​លាន​ដុល្លារ​អា​មេ​រិ​ក ហើយលុយ​ខុសច្បាប់​ទាំងនោះ ត្រូវ​បាន​តម្កល់​នៅ​ធនាគារជាតិ ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ដើម ចំណែកឯ​ជន​ដែល​នាំ​លុយ​ចូល​​ត្រូវ​បាន​ឃុំខ្លួន​ផង​ដែរ ។

ការ​ថ្លែង​បែប​នេះ​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​ប្រជាជន​ពិភពលោក និង​ពិធី​រំឭក​ខួប​២៥​ឆ្នាំ​នៃ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ប្រជាជន និង​ការ​អភិវឌ្ឍ (ICPD), ខួប​២៥​ឆ្នាំ​នៃ​បេសកកម្ម​របស់​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន​នៅ​កម្ពុជា (UNFPA Cambodia) និង​ខួប​៥០​ឆ្នាំ នៃ​កំណើត​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ប្រារព្ធ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC) នា​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ ។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ ការ​នាំ​ចូល​លុយ​ខុសច្បាប់​មក​កាន់​ប្រទេស​កម្ពុជា មាន​ច្រើន​ជាង​៥​ករណី ដែល​សមត្ថកិច្ច​កំពុង​តែ​ស៊ើបអង្កេត និង​សុំ​កិច្ចសហការ​ពី​ប្រទេស​ពាក់ព័ន្ធ​ថែម​ទៀត ។ មក​ដល់​ពេល​នេះ វា​មាន​ទាំងអស់​៧.៤​លាន​ដុល្លារ ប៉ុន្តែ​លុយ​ទាំង​អស់នេះ គឺ​យើង​ឃាត់​ទុកជា​បណ្តោះអាសន្ន ដើម្បី​ស្រាវជ្រាវ តើ​លុយ​នោះ មាន​ប្រភព​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ ?

ពាក់ព័ន្ធ​នឹង​ករណី​លុយ​ខុសច្បាប់​នាំ​ពី​ហុងកុង​មាន​ចំនួន ៣,៥២០,០០០​ដុល្លារ​អា​មេ​រិ​ក សម្តេច​បាន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ មិន​ទាន់​ស៊ើបអង្កេត​ច្បាស់លាស់​នៅឡើយ​ទេ ដោយសារ​តែ​ហុងកុង​កំពុង​មាន​បញ្ហា ហើយ​ប៉ូលិស​ហុងកុង​សុំ​ពន្យារពេល ។ ហើយ​រហូត​ដល់​ពេល​នេះ​កម្ពុជា​មិន​បាន​បញ្ជូន​ជន​ពាក់ព័ន្ធ​នឹង​ការ​នាំ​លុយ​ខុសច្បាប់​ចូល​មក​កាន់​កម្ពុជា​នេះ ទៅ​កាន់​ប្រទេស​ដើម​របស់​ពួក​គេ​វិញ​នៅឡើយ​ទេ ដោយ​រង់ចាំ​ស៊ើបអង្កេត​សិន ។

សូម​រម្លឹក​ថា ការ​លើក​ឡើង​របស់ សម្តេច​ក្រឡាហោម ស ខេ​ង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ថា “​តាម​ព័ត៌មាន សម្តេច​បានដឹង​ទីផ្សារ​ដី​ឡើងថ្លៃ ក៏​ដោយសារ​មនុស្ស​មួយ​ក្រុម ដែល​យក​លុយ​ខៅ្ម ឬ​ប្រផេះ​មក​ចាយវាយ​នៅ​កម្ពុជា ទើប​ធ្វើ​ឲ្យ​ទីផ្សារ​ដី​ឡើង​ថ្ងៃ​ផង​ដែរ ។ សម្តេច​បន្ត​ថា យក​លុយ​បែប​នេះ ហើយ​គ្មាន​ប្រភព​ច្បាស់លាស់ នឹង​ធ្វើ​ឲ្យ​កើត​បញ្ហា ចំពោះ​ប្រទេស​ជាតិ​ផង​ដែរ ។ សម្តេច​ក៏​បាន​ស្នើ ដល់​សមត្ថកិច្ច​ធ្វើការ​ចាត់វិធានការ ឲ្យ​បាន​ម៉ឹង​ម៉ាត់ ចំពោះ​អ្នក​ដែល​នាំ​លុយ​បែប​នេះ ចូល​មក​ក្នុង​ប្រទេស ដោយ​មិន​ត្រូវ​លើកលែង​នោះ​ទេ​“ ៕