ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ កក្កដា ២០១៩ ឧកញ៉ា ស៊ឹង សំ​អុល និង​អ្នក​ពាក់ព័ន្ធ៣នាក់ទៀត ដែល​ត្រូវ​បាន​ឃាត់ខ្លួន​សួរ​ចម្លើយ​ពី​បទល្មើស​ព្រៃឈើនោះ ត្រូវ​បានកម្លាំងកងរាជអាវុធហត្ថ ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ហើយ ។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក​ព្រះរាជអាជ្ញា​រង ម៉​ម វ៉ា​ន់​ដា បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១១ កក្កដា ២០១៩ នេះ​ដែរ​ថា ឧកញ៉ា ស៊ឹង សំ​អុល រួម​ទាំង​អ្នក​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​សាលាដំបូង​ខេត្តមណ្ឌលគិរី និង​កំពុង​សួរ​ចម្លើយ ។

លោក ម៉​ម វ៉ា​ន់​ដា បន្ត​ថា តំណាង​អយ្យការ​មិន​ទាន់​ផ្តើម​ចោទប្រកាន់​ពី​ល្មើស​អ្វី​នៅឡើយ​ទេ ដោយ​ដំណើរការ​សាកសួរ​មិន​ទាន់​បញ្ចប់នៅឡើយ ។ យ៉ាងណា ឧកញ៉ា សឹង សំ​អុល និង​គូកន ត្រូវ​បន្ត​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី មួយ​យប់​ទៀត​សិន រង​ចាំ​ការ​សាកសួរ​បន្ត នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ស្អែក​នេះ ។

សូម​ជម្រាប​ថា ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ព្រៃឈើ បាន​ឡើង​បន្ទាប់​ពី​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដែល​មាន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញ​ចោល​មធ្យោបាយ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ នៅ​នឹង​កន្លែង​តែ​ម្តង ក្នុង​នោះ​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​បំផ្លាញ​ព្រៃឈើ ចំនួន​៤​នាក់​នេះ ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្តមណ្ឌលគិរី ដោយ​ដកហូត​បាន​រថយន្ត​ដឹកឈើ​ជាង​៤០​គ្រឿង ៕