ខេត្តកណ្តាល ៖ សត្វជ្រូករបស់ប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល  បានឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក  បណ្តាលឲ្យងាប់ជាង៥០០ក្បាល បើគិតត្រឹមវេលាម៉ោង ប្រមាណ១១ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តែយ៉ាងណា មិនបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។

លោកញឹម វណ្ឌិន អភិបាលស្រុកស្អាង បានឲ្យដឹងថា  ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ  បានឆ្លងមកដល់ឃុំក្រាំងយ៉ូវហើយ និងបានសម្លាប់សត្វជ្រូករបស់ប្រជាពលរដ្ឋអស់ចំនួនជាង៥០០ ក្បាល តែមិនបង្កឲ្យប៉ះពាល់សុខភាពមនុស្សនោះទេ ប៉ុន្តែមនុស្សជាអ្នកចម្លងជំងឺទៅឲ្យ សត្វជ្រូក បង្កឲ្យប៉ះពាល់សេដ្ឋកិច្ចគ្រួសារ នៅពេលយើងចិញ្ចឹមជ្រូករួចវាងាប់អស់នោះ។

លោកប៊ុន ទួនស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាលបានឲ្យដឹងដែរថា លោកបានបែងចែកកម្លាំងជា ៧ផ្នែក ដោយមានម៉ាស៊ីនបាញ់ថ្នាំ៧គ្រឿង តូច៦ធំ ១គ្រឿង ដើម្បីចុះបាញ់សម្លាប់មេរោគ និងការពារមេរោគនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វជ្រូក ហើយសត្វជ្រូកដែលមានជំងឺនេះ គឺយើងត្រូវតែកម្ទេចចោល ហើយយើងដាក់តំបន់ដែលកើតមានជំងឺនេះ ជាតំបន់ហាមឃាត់។

លោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា សម្រាប់របាយការណ៍ជាផ្លូវការខាងក្រសួងមិនទាន់ទទួលបាននោះទេ តែក្រុមការងារនឹងចុះពិនិត្យការងារនេះជាបន្ទាន់ ហើយជ្រូកងាប់ទាំងនេះ សង្ស័យមកពីជំងឺនេះហើយ។ ដោយឡែកនៅឃុំស្អាងភ្នំ ដែលជាប់ព្រំប្រទល់ ឃុំក្រាំងយ៉ូវវិញ ក្រុមការងារគណៈពង្រឹងឃុំដែលមានលោក អ៊ាវ ចំរើន ជាប្រធាននោះ ក៏បាននិងកំពុងចុះអន្តរាគមន៍រឿងនេះជាបន្ទាន់ផងដែរ ដោយសហការជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន៕