ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បើកម៉ូតូ១គ្រឿង បោះពួយយ៉ាងលឿនវ៉ាចុះវ៉ាឡើងក៏ជ្រុលទៅបុកនឹងរថយន្ដ១គ្រឿងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។


សមត្ថកិច្ចបានបញ្ចាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I 7554 មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុ សង្ស័យឡើងវ៉ាជែងរថយន្ត ដែលស្របទិសគ្នាខ្វះការប្រុងប្រយ័ត្ន ក៏វេរចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកRX300 ពណ៌ស គ្មានពាក់ស្លាកលេខ បានបើកបរបោះពួយយ៉ាងលឿនក្នុងទិសដៅផ្ទុយគ្នាពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែង។ សមត្ថកិច្ចបានបញ្ចាក់ពីអត្តសញ្ញាណ ជនរងគ្រោះឈ្មោះ ធក ថន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។


ក្រោយពីកើតហេតុសមត្ថកិច្ចបានបន្តទៀតថា អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ចំណែកម៉ូតូ និងរថយន្តខូចធ្ងន់ ត្រូវកម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ រីឯសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី យ៉ាងអណោចអធ័ម៌៕