ភ្នំពេញ៖ តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១១ កក្កដា នេះ បាន​សម្រេច​ចោទ​ប្រកាន់​យុវជន​ឈ្មោះ គង់ រ៉ៃយ៉ា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍  ។ 

ទាក់ទងជាមួយគ្នាននេះ លោក រៀល សុភិន ព្រះ​រាជ​អាជ្ញា​រង​នៃ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​យុវជន គង់ រ៉ៃយ៉ា ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បន្ទាប់​ពី​យុវជន​រូប​នេះ បាន​បោះ​ពុម្ព​អាវ​យឺត ដែល​មាន​ភ្ជាប់​នូវ​ពាក្យ​ស្លោក​របស់​លោក​បណ្ឌិត កែម ឡី នៅ​មុន​ខួប៣ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​និង​សង្គម​រូប​នេះ​។ បើ​តាម​លោក រៀល សុភិន យុវជន គង់ រ៉ៃយ៉ា នឹង​ត្រូវ​បញ្ជូន​ខ្លួន​បន្ត ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ ដើម្បី​បន្ត​នីតិ​វិធី​របស់​តុលា​ការ​ ។ 

សូមជំរាបជូនថា  ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ម្តងរួចមកហើយកាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែយុវជននេះ បានប្រកាសឲ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គម Facebook ជាមួយនឹងរូបគេ៕