ខេត្តត្បូងឃ្មុំ​ ៖ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចេញ​បញ្ជា​ជា​បន្ទាន់​មួយ ឲ្យ​កម្លាំង​នគរបាល​មូលដ្ឋាន តាម​ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​មនុស្ស​មួយ​ក្រុម ដែល​បាន​និង​កំពុង​លួងលោម និង​បោក​បញ្ឆោត​ប្រជាពលរដ្ឋ នៅ​ស្រុក​មេមត់ ដោយ​ពួក​គេ​ឲ្យ​យក​លុយ ទៅ​ដាក់​នៅ​ធនាគារ​របស់​ខ្លួន ហើយ​បានការ​ប្រាក់​រហូត​ទៅ​ដល់​២០​ភាគរយ ក្នុង​មួយ​ខែ​ ។ នេះបើតាមបណ្ដាញ​ព័ត៌មាន Fresh News បានចុះផ្សាយ ។

លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ចាត់​ទុក​ថា នេះ​ជា​បទល្មើស និង​ជា​ការ​បោកប្រាស់​យ៉ាង​ជាក់ស្ដែង ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ញើ​ប្រាក់​នៅ​តាម​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ​។

លោក​ឧត្តមសេនីយ៍ បែន រ័​ត្ន បាន​ថ្លែងប្រាប់​នៅ​ព្រឹកថ្ងៃ​ទី​១១ កក្កដា ​២០១៩​នេះ​ថា «​ឥឡូវនេះ​មាន​មនុស្ស​មួយ​ក្រុម ធ្វើការ​ឃោសនា​នៅ​ទីរួមស្រុក​មេមត់ ដោយ​ខ្សិ​ប​ខ្សៀវ​ឲ្យ​ប្រជាពលរដ្ឋ យក​លុយ​ទៅ​ដាក់​នៅ​មីក្រូ​ហរិ​ញ្ញ​វត្ថុ​របស់​ពួក​គេ​មានឈ្មោះ​ថា ENARITA ដោយ​ពួក​គេ​ផ្ដល់​អត្រា​ការ​ប្រាក់​ក្នុង​មួយ​ខែ ចំនួន​២០​ភាគរយ ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច​ទាំងអស់​តាមដាន និង​មាន​វិធានការ​រាំង​ខ្ទប់​ជា​បន្ទាន់​»​ ។

បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ បញ្ជាក់ថា រហូត​មក​ដល់​ថ្ងៃនេះ ទំនង​មាន​ប្រជាពលរដ្ឋ​ខ្លះ​ហើយ ដែល​ចាញ់បោក​ជន​មួយ​ក្រុម​នេះ​ ។ កន្លង​ទៅ​រូបភាព​នៃ​ការ​បោកប្រាស់​បែប​នេះ បាន​ធ្លាប់​កើត​ឡើងជា​ច្រើន​លើក រហូត​ដល់​ប្រជាពលរដ្ឋ​អស់​លុយរាប់​ពាន់ ម៉ឺន​ដុល្លារ ទៀត​ផង ។

មហាជន មាន​ច​ម្ង​ល់​រឿង Enarita ដាក់​ទុន​វិនិយោគ​បាន​ចំណេញ​ក្នុង​មួយ​ខែ​ចាប់ពី៣០% ទៅ​៦០% ឬ​អាច​លើស​ពី​នេះ ? តើ​បាន​ចំណេញ​ដោយ​របៀប​ណា ? មានការ​ចោទសួរ​ថា តើ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ Enarita មានច្បាប់​អនុញ្ញាត​ដែរ​ ឬទេ ? ៕​