ខេត្តព្រះសីហនុ៖ បុរសម្នាក់ ខណៈកំពុងបើកម៉ូតូធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង បើកបោះពួយមកបុកកិនឡើងបែកសាកសពខ្ចេចស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧កន្លះយប់ ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវខាងមុខកំពង់ផែក្រុងព្រះសីហនុ


ជនរងគ្រោះដែលត្រូវរថយន្តកុងតឺន័រកិនស្លាប់ មានឈ្មោះវឿង អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាមេការសំណង់។ ចំណែក អ្នកបើកបររថយន្តបង្ក មានឈ្មោះម៉ន ម៉េន បើកបរក្នុងក្រុមហ៊ុនS-K បានរត់គេចខ្លួនក្រោយកើតហេតុ។


ក្រោយពីត្រូវរថយន្តកុងតឺន័រកិនជនរងគ្រោះបែកសពស្លាប់ គេឃើញស្រ្តីជាប្រពន្ធមកដល់កន្លែងកើតហេតុឃើញសពប្តីហើយ រន្ធត់ចិត្តស្រែកទ្រហោយំស្ទើរដួលសន្លប់ ធ្វើឲ្យអ្នកឃើញហេតុការណ៍មានចិត្តក្តុកក្តួលស្រក់ទឹកភ្នែកតាមមិនដឹងខ្លួន។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ យកយានយន្តទាំង២គ្រឿង មករក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែក សពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនស្រ្តីជាប្រពន្ធដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕