ភ្នំពេញ ៖ ចោរឆក់វ័យក្មេង១ក្រុម មានគ្នាចំនួន៤នាក់ បានចេញធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សរុបជិត២០លើកមកហើយ តែងរត់គេចខ្លួនជាបន្តបន្ទាប់ ទើបតែអស់លក្ខណ៍ត្រូវកម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាបចាប់ខ្លួនបាន នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។


សមត្ថកិច្ច បានឲ្យដឹងថា ក្រុមចោរវ័យក្មេងជំនាញខាងឆក់ ដែលសមត្ថកិច្ចធ្វើការបង្កាប់ចាប់ខ្លួនបាន ទី១-ឈ្មោះ ឡូញ មីងសែង អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ទី២-ឈ្មោះប៉ែន វិរះ អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី៣-ឈ្មោះឈួន ចំរ៉ុង អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី៤-ឈ្មោះ ចាន់ ប្រុសពេជ្រ អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ច ដកហូត ម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-4284 និងម៉ាកហុងដា C110 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-5553។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមពួកវាបានធ្លាប់ធ្វើសកម្មភាពចំនួន៣ដង នៅផ្លូវវេងស្រេង កាលកំឡុងចុងខែមិថុនា និងដើមខែកក្កដា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងធ្វើជាង១០ដង នៅក្នុងខណ្ឌចំការមន ហើយតែងនាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព ទើបតែអស់លក្ខណ៍មកត្រូវជាប់ខ្នោះនៅពេលនេះ។


ជនសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕