ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យទាំងពីរនាក់ជិះម៉ូតូមួយ មានអាការៈភ័យស្លន់ស្លោ និងព្យាយាមបើករត់គេចខ្លួន ហើយដួលម៉ូតូ ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗតែម្ដង។ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។


ជនសង្ស័យទី១ដែលជាអ្នកបើកម៉ូតូមានឈ្មោះ ផូ វិរ:បុត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យភ្នំពេញថ្មី ស្នាក់នៅបឹងកក់ទី១ ខណ្ឌទួលគោក និងទី២អ្នកអង្គុយខាងក្រោយ ធ្វើសកម្មភាពឈ្មោះ នូរ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី ស្នាក់នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។


មុនពេលកើតហេតុ ពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង មិនចាំម៉ាកពីនារីម្នាក់ ដែលកំពុងជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ មិនចាំស្លាកលេខ ក្នុងទិសស្របទិសគ្នាតែ មិនបានសម្រេច។ នារីរងគ្រោះ ក៏បានស្រែកចោរៗ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យស្លន់ស្លោ និងព្យាយាមបន្ថែមល្បឿន បើករត់គេចខ្លួន។

ចៃដន្យ កម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសរក្សាសន្តិសុខជូនប្រជាពលរដ្ឋ មកដល់ចំណុចខាងមុខឃ្លោងទ្វារវត្តសំរោងអណ្ដែត ស្រាប់តែប្រទះឃើញ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាក លេខ ភ្នំពេញ1GB-5966 តាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។

ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏ជិះម៉ូតូដេញតាមជនសង្ស័យពីក្រោយ រហូតទៅដល់ចំណុចខាងក្រោមស្ពានអាកាស៥មករា ដោយជនសង្ស័យភ័យស្លន់ស្លោ ក៏បានដួលម៉ូតូរួចក៏ត្រូវបានសមត្ថកិច្ច ធ្វើការចាប់វាយខ្នោះភ្លាមៗតែម្ដង។


ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងរង់ចាំបញ្ជូនបន្តទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕