មណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ​ចំនួន ដែល​រក​ឃើញ​ក្នុង​ព្រៃ​ជ្រៅ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា ស៊ឹង សំ​អុល ក្នុង​រឿង​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​កម្ទេច​ចោល​នៅ​នឹង​កន្លែង ព្រោះ​ពិបាក​ក្នុង​ការ​នាំ​ចេញ​មក​ក្រៅ​វិញ​នោះ ខណៈ​សំណុំរឿង​នៃ​ការ​ចាប់ខ្លួន​ឧកញ៉ា​រូប​នេះ និង​បក្ខពួក​អាច​នឹង​ផ្ទេរ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​ថ្លែង​ថា រថយន្ត​ដឹកឈើ​នៅ​ក្នុង​ព្រៃ​ចំនួន ៤​គ្រឿង ដែល​រក​ឃើញ​នៅ​ក្នុង​ព្រៃ ត្រូវ​ធ្វើការ​បំផ្លាញ​ចោល​តែ​ម្តង ដោយ​ប្រើ​ម្សៅ TNT ។ សម្រាប់​រថយន្ត​ល្មើស​ជាង ៤០​គ្រឿង​ទៀត ដែល​ត្រូវ​បាន​បង្ក្រាប និង​រឹបអូស​ផង​ដែរ​នោះ រង់ចាំ​ការ​កាត់​ចោល និង​បំផ្លាញ​ចោល​នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា កម្លាំង​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​ឧកញ៉ា ស៊ឹង សំ​អុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នក​បើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង​៤០​គ្រឿង​ផង​ដែរ ។ ឧកញ៉ា ស៊ឹង សំ​អុល និង​បក្ខពួក​៣​នាក់​ផ្សេង​ទៀត អាច​ផ្ទេរ​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ។

ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​សំណុំរឿង​ខាងលើ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និយាយ​ប្រាប់​កា​សែរ​ក្នុងស្រុក​មួយ ​ថា ជនសង្ស័យ​នៅ​មិន​ទាន់​បញ្ជូន​មក​ដល់​ដៃ​អយ្យការ​នៅឡើយ​ទេ ដោយ​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច ៕