ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី “​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​” រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ថា គិត​មក​ដល់​ថ្ងៃនេះ នៅ​កម្ពុជា​យើង ជំងឺប៉េស្ត​ជ្រូក បាន​កើតឡើង នៅ​៤​ខេត្ត គឺ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយ​រៀង និង​ខេត្តតាកែវ ។

កម្ពុជា​បាន​ឆ្លង​ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​ដំបូង កាលពី​ថ្ងៃ​ទី ២២ ខែ មីនា នៅ​ស្រុក​អូ​រយ៉ា​ដាវ និង​ស្រុក​អូរ​ជុំ​ខេត្តរតនគិរី ដោយ​មាន​ជ្រូក​ជាង ២,១៤០ ក្បាល ត្រូវ​បាន​សម្លាប់​ចោល និង​ងាប់ មុន​ពេល​ជំងឺ​នេះ​បន្ត​រាលដាល​ដល់​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ធ្វើ​ឱ្យ​ជ្រូក ៣ ក្បាល ងាប់​កាលពី​ថ្ងៃ ២៣ មិថុនា មុន​ឆ្លង​ចូល​មក​ដល់​ខេត្តតាកែវ និង​ខេត្តស្វាយរៀង​នា​ពេល​នេះ ។

មន្ត្រី​ជំនាញ បញ្ជាក់​ថា ជំងឺប៉េស្ត​ជ្រូក ដែល​កំពុង​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ជា​ប្រភេទ​មេរោគ កម្រិត​លេខ​២ ដែល​គ្រោះថ្នាក់​ខ្លាំង ។ ជំងឺ​នេះ បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ងាប់ ហើយ​ឆ្លង​រាលដាល​ឆាប់រហ័ស ។ យ៉ាងណា​ក៏​ដោយ ជំងឺប៉េស្ត​ជ្រូក​នេះ មិន​ឆ្លង​ដល់​មនុស្ស​ទេ បើសិនជា​ចំណី​បាន​ត្រឹមត្រូវ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ទើប​ប្រកាស​ដាក់​ចេញ​វិធានការ​ផ្អាក​បណ្ដោះអាសន្ន ការ​ចិញ្ចឹម ទិញ លក់ និង​ដឹក​ជញ្ជូន​សត្វ​ជ្រូក​និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​គ្រប់​ប្រភេទ​នៅ​តំបន់​ផ្ទុះ​ជំងឺ​គឺ​ក្នុងភូមិ​កំពង់​សេរី​និង​ភូមិ​សោយ ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​ទី ២ ខែ កក្កដា កន្លង​មក ខណៈ​ក្រសួង​បាន​បញ្ជាក់​ថា ថ្វី​ដ្បិត​ជំងឺ​នេះ​មិន​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា ប៉ុន្តែ​មិន​អាច​ឆ្លង​មក​មនុស្ស​និង​ធ្វើ​ឱ្យ​ប៉ះពាល់​មនុស្ស​ឡើយ​។

ជា​វិធានការ មន្ត្រី​ជំនាញ​របស់​កម្ពុជា​យើង បាន​ដុត​ជ្រូក ដែល​ឈឺ​ងាប់ ព្រមទាំង​ចេញ​វិធានការ​ជាក់ស្តែង ដោយ​ចេញ​ប្រកាស អប់រំ​ផ្សព្វផ្សាយ សម្លាប់​មេរោគ ហើយ​កម្ទេច​សត្វ​ជ្រូក នៅ​កន្លែង​ផ្ទុះ ដោយ​ហាមឃាត់​ការ​ចរាចរណ៍​សត្វ​នៅ​តំបន់ ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក ទាំង ៤​ខេត្ត​នោះ គឺ​ខេត្តរតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​ខេត្តតាកែវ ៕
#សូមជួយចែក​រំលែក​ឱ្យបងប្អូនយេីងបានដឹងអំពីជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក​ផង​ ???