ខេត្តព្រះសីហនុ ៖ កម្មករជាច្រើននាក់បានចេញធ្វើបាតុកម្មដុតកង់ឡាននៅមុខការដ្ឋានការស៊ីណូមួយកន្លែង ព្រោះតែកើតទុក្ខមិនសុខចិត្តថៅកែការស៊ីណូ មិនបើកប្រាក់ខែឲ្យ ។
ហេតុការណ៍តវ៉ានេះបានកើតឡើងកាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី១០ កក្កដា ២០១៩ នៅចំណុចការដ្ឋានសំណង់កាស៊ីណូ លីង ហាង ស្ថិតក្នុងក្រុមទី១៦ ភូមិ៤ សង្កាត់លេខ៤ ។

បើតាមសមត្ថកិច្ច បានប្រាប់ថា មុនពេលកើតហេតុ កាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី១០កក្កដា មានកម្មករប្រុសស្រីចំនួន៤០នាក់ បានមកប្រមូលផ្តុំគ្នា នៅមុខការដ្ឋានសំណង់ការដ្ឋានកាស៊ីណូ លីង ហាង បន្ទាប់មកពួកគេបានប្រមូលយកសម្បកកង់ឡានគរលើថ្នល់ រួចបានដុតផ្សែងឡើងហុយទ្រលោមឡើងលើ តែម្តង ។
សមត្ថកិច្ច បានបន្តថា លុះទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះអន្តរាគមន៍ ហាមឃាត់កម្មករទាំងនោះ ខ្លាចមានអំពើហិង្សាកើតឡើង រង់ចាំការដោះស្រាយ ។ ទើបខាងតំណាងការដ្ឋានសំណង់ចេញមុខមកសម្របសម្រួលបញ្ចប់ការតវ៉ានេះ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រុមកម្មករ បានប្រាប់ថា ថៅកែការដ្ឋានសំណង់កាស៊ីណូខាងលើនេះ មិនបើកប្រាក់ខែឲ្យពួកគាត់នោះទេ មានកម្មករខ្លះចំនួន១ខែ, ខ្លះ២០ថ្ងៃ, និងខ្លះទៀត១៥ថ្ងៃ ទើបពួកគេតវ៉ាបែបនេះ ។ ហើយសមត្ថកិច្ចបានទាក់ទងទៅតំណាងក្រុមហ៊ុនសំណង់នេះចេញមុខមកដោះស្រាយ ទើបមានតំណាងខាងក្រុមហ៊ុន ចេញមកធានា និងអះអាងថា នឹងរៀបចំបើកប្រាក់ខែជូនកម្មករ នៅល្ងាចនេះ ៕

