កំពង់ធំ ៖ ទី​តាំ​ងសិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ ត្រូវ​បាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ចុះ​បង្ក្រាប និង​បិទ​ការ​ផលិត​បណ្តោះអាសន្ន នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ សង្កាត់​ព្រៃ​ពន្លិច ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ការ​ចុះ​បិទ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកក្រូច​មាន​យីហោ លឹ​ម ភ័​ណ្ឌ ដោយ​មានការ​ចូលរួម​ពី​សំណាក់ លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ អម​ដោយ​លោក​ព្រះរាជអាជ្ញា​រង ដួង សា​រ៉​ន លោក​ឧត្តមសេនីយ៍ត្រី កាន វ​ឌ្ឍ​នា អនុប្រធាន​លេខាធិការដ្ឋាន រួម​ទាំង​សមត្ថកិច្ច អធិការ​ក្រុង​ស្ទឹង​សែន និង​ប៉ុស្តិ៍​រដ្ឋបាល ផង​ដែរ ។

ខណៈ​ពេល​ដែល​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ការ​ផលិត​មាន​ទឹកក្រូច​ជា​ច្រើន​មុខ ដែល​ការ​ផលិត ខុស​បច្ចេកទេស និង​គ្មាន​អនាម័យ បាន​ផលិត​លក់​ចែកចាយ​ទូ​ទាំង​ប្រទេស ដែល​ត្រូវ​បាន​គេ​ស្គាល់​ម្ចាស់​សិប្បកម្ម​ឈ្មោះ លឹ​ម ភ័​ណ្ឌ ត្រូវជា​អនុប្រធាន​សភា​ពា​ណិ​ជ្ឋ​កម្ម​កំពង់ធំ និង​ព្រះ​វិហារ បាន​រត់គេច​ខ្លួន​បាត់ ទើប​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​បញ្ជា​កម្លាំង​ជំនាញ​ឲ្យ​តាម​ចាប់ខ្លួន​ដើម្បី​មក​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា និង​លោក លោក ឧត្តមសេនីយ៍ត្រី កាន វ​ឌ្ឍ​នា បាន​ដឹកនាំ​កម្លាំង​ពិនិត្យ​ក្នុង​សិប្បកម្ម លឹ​ម ភ័​ណ្ឌ ដែល​សង្ស័យ​ថា មានការ​ផលិត​ខុស​បច្ចេកទេស ដែល​ជា​ហេតុ​នាំ​ឲ្យ ប៉ះពាល់​ដល់​សុខភាព ដល់​ប្រជាពលរដ្ឋ និង​សិស្ស ខណៈ​ទឹកក្រូច ដែល​មាន​ស្លាក​សញ្ញា LP កំពុង​តែ​ចរាចរណ៍ យ៉ាង​គគ្រឹកគគ្រេង និង​ចែកចាយ​យ៉ាង ទូលំទូលាយ ក្នុង​ខេត្តកំពង់ធំ សៀមរាប និង​ព្រះ​វិហារ និង​ខេត្ត​មួយ​ចំនួន​ទៀត ។

ក្នុង​រោច​ក្រ​ផលិត​ទឹកក្រូច សមត្ថកិច្ច​បាន​រក​ឃើញ​ផលិតផល​មាន​សារធាតុ​គីមី​ជា​ច្រើន​មុខ សម្រាប់​លាយ​ផ្សំ​ក្នុង​ទឹកក្រូច និង​រក​ឃើញ​ចំណុច​មិន​ប្រក្រតី​ចំនួន​៦​មុខ រួម​មាន​៖
ទី​១-​មិន​បាន​សុំ​ច្បាប់​ចុះបញ្ជី​ផលិតផល នៅ​លើ​សំបក​វេច​ខ្ចប់ មិន​មាន ច​.​ប​.​ផ​,
ទី​២-​នៅ​លើ​សំបក​វេច​ខ្ចប់​ដាក់​អាសយដ្ឋាន​មិន​ពិតប្រាកដ​,
ទី​៣-​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់ គុណភាព​,
ទី​៤-​ប្រើប្រាស់​សារធាតុ​គីមី (​សម្រាប់​ផលិត​ទឹកក្រូច ),
ទី​៥-​ទំនិញ​នាំ​ចូល​គ្មាន​ប្រភព​ច្បាស់លាស់​,
និង​ទី​៦-​រក្សា​ទុក​ទំនិញ​ខូចគុណភាព និង ហួស​កាលបរិច្ឆេទ ទី​៧ នៅ​លើ​សំបក​វេច​ខ្ចប់​ទឹក​សុទ្ធ​មិន​មាន​ចុះបញ្ជី​( CS)​។

សកម្មភាព​ការ​ផលិត​ទឹកក្រូច ក្លែងក្លាយ​របស់ សប្ប​កម្ម​ផលិត​ទឹកក្រូច គឺ​គ្រប់​ដប​នីមួយ​ៗ ដាក់​មេ​និង​ពណ៌ ដោយ​បង្ហូរ​ចេញពី​ធុង​ស៊ីទែន ហើយ​ប​ញ្ជូ​ល​ទៅ​ក្នុង​ដប ក្រោយមក​យក​ដប​ដែល ដាក់​មេទឹក​ក្រូច​ទី​ច្រ​ល ទឹក​ពី​ក្បាល​រ៉ូ​ម៉េ​នេ និង​បាន​តាម​ពណ៌​ដែល​តម្រូវការ ហើយ​យក​មក​វិច​ខ្ចប់ ដឹក​លក់​តាម​ទីផ្សារ ក្នុង​នោះ​ក៏​រក​ឃើញ សារធាតុ​គីមី និង ជី​អី​រ៉េ និង​ម្សៅ​សម្រាប់​លាយ​ទឹកក្រូច​ជា​ច្រើន​មុខ​ទៀត សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ តាង​មួយ​ចំនួន​មក​ពិនិត្យ​នៅ​ស្នងការ​នគ​បាល​ខេត្តកំពង់ធំ ដើម្បី​រក​សារធាតុ​ហាមឃាត់ និង​ធ្វើ​កំណត់ហេតុ​។

រោង​សិប្បកម្ម ត្រូវ​បាន លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា បិទ​ទីតាំង​បណ្តោះអាសន្ន រង​ចាំ​សមត្ថកិច្ច​រាម​ចាប់ខ្លួន​ម្ចាស់​សិប្បកម្ម​ឈ្មោះ លឹ​ម ភ័​ណ្ឌ នាំ​មក​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់ ៕