ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីស្ថានភាពជំងឺគ្រុន ឈាមបានឲ្យដឹងនៅថ្ងៃពុធ ទី១០ ខែកក្កដាឆ្នាំនេះ បានឲ្យដឹងថា ពេលជាង១ខែមកនេះ ជំងឺគ្រុនឈាមបានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ ជំងឺគ្រុនឈាមបានថយចុះក្នុងខេត្តចំនួន១១ រួមមាន ៖ ខេត្តពោធិ៍សាត់ ខេត្តតាកែវខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តរតនៈគីរី ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបាត់ដំបងខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី រីឯខេត្តក្រចេះ ខេត្តកំពត ខេត្តព្រៃ វែង និងខេត្តកែប មានស្ថានភាពនៅមិនទាន់មានកើនឡើងករណីឈឺនោះឡើយ ។


ចំពោះជំងឺគ្រុនឈាមដែលបានថយចុះនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការធ្វើបទអន្តរាគមន៍៣០ថ្ងៃ ក្នុងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម អនុគណៈកម្មការគ្លីនិក មន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្មទាំងកិច្ចគាំទ្រពីគណៈអភិបាលខេត្ត និងដៃគូពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានក្នុងការដាក់ថ្នាំសម្លាប់ដង្កូវទឹកក្នុងអាង ឬ ពាងទឹកក្នុងតំបន់ ដែលប្រឈមខ្ពស់នៃជំងឺគ្រុនឈាមនេះ ។


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីស្ថានភាពជំងឺគ្រុនឈាម ដដែលនេះ ក្រសួងសុខាភិបាល ក៏សុំអំពាវនាវសារជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចូលរួមយ៉ាងសកម្មអនុវត្តវិធានការការពារជំងឺគ្រុនឈាម តាមរយៈការអនុវត្តវិធានដូចខាងក្រោម ៖
-វិធានការទី១ ៖ អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប ត្រូវកំចាត់ដង្កូវទឹកនៅតាមពីកន្លែងដែលមានទឹក ដូចជា ពាងអាងទឹក ថូផ្កា ចានទ្រជើង តុទូ ក្រឡ ធុងជាដើម…ដោយការផ្លាស់ប្ដូរទឹកនិងលាងសម្អាតជាប្រចាំឲ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឲ្យបានជិតល្អ និងត្រូវ សហការជាមួយបណ្តាញសុខាភិបាល ដើម្បីដាក់ថ្នាំសម្លាប់ដង្កូវទឹក ឬចិញ្ចឹមកូនត្រី៧ពណ៌ នៅកន្លែងដែរអាចចិញ្ចឹមបាន ។ ចំពោះសម្ភារៈដក់ទឹកផ្សេងទៀត ដែលមិនប្រើប្រាស់ទុកចោលដូចជា សំបក កង់ សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងៗទៀត ត្រូវកប់ ឬដុតកម្ទេចចោល ឬទុកដាក់ ឱ្យមានរបៀប កុំឲ្យដក់ទឹក ។
-វិធានការទី២ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ ពិសេសសំបកកង់ឡាន និងសំបកកង់ម៉ូតូទាំងអស់ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឲ្យមានសុវត្ថិភាពចៀសវាងផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាសវាលពាសកាល ការបង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើងនិងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា ។ វិធីសាស្រ្តក្នុងការគ្រប់គ្រងសំបកកង់ដោយសុវត្ថិភាពគ្មានសត្វនោះកកើត គឺត្រូវដាក់ត្រួតលើគ្នាគ្របដោយបន្ទះជិត ឬស្បៃមុង ចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូលដើម្បីការពារកុំឲ្យមានដក់ទឹកដែលជាប្រភពកើតមូសខ្លា ។
-វិធានការទី៤ ត្រូវសំអាតការដ្ឋានសំណង់ កុំឱ្យមានកន្លែងទឹកដក់ដែលជាជម្រកមូសខ្លានិងរក្សាអនាម័យល្អជានិច្ច។
-វិធានការទី៤ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាថែទាំសុខភាពរដ្ឋឬសេវាសាធារណៈ ដែលនៅជិតបំផុតជាបន្ទាន់ មិនឲ្យយឺតជាង៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដាន ព្យាបាលជំងឺ ក្នុងសេវាឯកជន ដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឲ្យសោះ ។


សូមបញ្ជាក់ថា ជំងឺគ្រុនឈាមអាចនឹងសម្លាប់អ្នកជំងឺបានគ្រប់ពេល ប្រសិនបើមិនទៅទទួលការ ព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា ឬព្យាបាលមិនមានជំនាញវិជ្ជាជីវៈ ឬបើមានប្រើប្រាស់ថ្នាំប្រភេទថ្នាំអាស្ពឺរីន ៕