ដំណាំខាត់ណាផ្កា ជាដំណាំដែលបងប្អូនប្រជាកសិករមិនសូវជាពេញនិយមដាំប៉ុន្មានទេ គឺមានតែកសិករនៅតំបន់មួយចំនួនប៉ុណ្ណោះដែលដាំដំណាំប្រភេទនេះ។ ដំណាំនេះអាចដាំដុះពេញមួយឆ្នាំ ហើយវាត្រូវការស៊ីតុណ្ហភាពជាមធ្យមចាប់ពី១៥-២០អង្សាសេ។ ដើម្បីដាំខាត់ណាផ្កាឲ្យឆាប់បានទទួលផលលក់កសិករគួរតែអនុវត្តន៏វិធីដាំដូចខាងក្រោម៖
+ការរៀបចំបណ្ដុះកូន
ការរៀបចំបណ្ដុះកូនដំណាំចែកជា ២រដូវ គឺនៅរដូវវស្សា បណ្ដុះកូនក្នុងកន្ទោងស្លឹកចេក។ មុនដំបូង ត្រូវរៀបចំលាយដីជាមួយលាមកសត្វ និងធ្យូងអង្កាម ដោយបរិមាណ ដី៣ភាគ លាមកសត្វ១ភាគ និងធ្យូងអង្កាម១ភាគ លាយបញ្ចូលគ្នា រួចច្រកចូលទៅក្នុងកន្ទោងស្លឹកចេក ដោយដាក់១គ្រាប់ក្នុង១កន្ទោង រួចគ្របវាដោយស្បៃ ឬចំបើង ២ទៅ៣ថ្ងៃ ឲ្យវាដុះពន្លកទើបបើកវាចេញ។ ចំណែកនៅរដូវប្រាំងគេបណ្ដុះនៅលើថ្នាលតែម្តង។ ចំពោះការលាយដីដូចលាយដាក់ក្នុងកន្ទោងដែរ គ្រាន់តែយើងសាបវាស្តើងៗលើថ្នាលដើម្បីឲ្យកូនដំណាំលូតលាស់ថ្លោសល្អ បន្ទាប់មកគ្របវាដោយស្បៃ ឬចំបើង ២ទៅ៣ថ្ងៃ ឲ្យដុះពន្លកទើបបើកចេញដោយធ្វើការស្រោចទឹក១ថ្ងៃ២ដង និងធ្វើការបាញ់ថ្នាំការពារសត្វល្អិតបំផ្លាញរហូតដល់កូនដំណាំមានស្លឹក៤ឬ៥ ទើបយើងដកយកទៅដាំ។


+ការរៀបចំដី
មុនពេលដាំ យើងត្រូវភ្ជួររាស់ដីចំនួន៣ដង ដើម្បីឲ្យដីរាបស្មើ និងឆ្អិនល្អបន្ទាប់មកដាក់ខ្សែទាញ រួចកាប់រណ្តៅជាជួរដាក់លាមកសត្វ១ក្តាប់ និងជីធម្មជាតិជប៉ុន១ស្លាបព្រាបាយ ក្នុង១រណ្ដៅ ដោយចន្លោះគុម្ព៣តឹក និងចន្លោះរង៦តឹក បន្ទាប់មកដកកូនមកដាំ គឺដាំនៅពេលរសៀល ត្រជាក់ និងស្រោចទឹកជាប្រចាំ១ថ្ងៃ២ដង (ព្រឹក ល្ងាច)។
+ការថែទាំ
នៅពេលដាំបាន ១សប្តាហ៍យើងចាប់ផ្តើមជ្រោយដី និងដាក់ជីលាមកសត្វពុកផុយបំប៉មបន្ថែមលើកទី១ ហើយ១សប្តាហ៍ក្រោយទៀតជ្រោយដាក់ជីលាមកសត្វពុកផុយលើកទី២ រួចលុបគល់លើរង និងស្រោចទឹកជាប្រចាំ ១ថ្ងៃ២ដង (ព្រឹក ល្ងាច) ម្យ៉ាងទៀតត្រូវធ្វើការបោចស្មៅការពារកុំឲ្យវាដណ្តើមជីជាតិជាមួយដំណាំ និងបាញ់ថ្នាំការពារសត្វល្អិតបំផ្លាញចំនួន ៧ទៅ១០ថ្ងៃបាញ់ម្តង (ថ្នាំពុលផ្សំពីរុក្ខជាតិ)។
+ការប្រមូលផល
ធ្វើឡើងក្រោយពេលដាំដុះរយៈពេល ៦៥-៧៥ ថ្ងៃ ដោយប្រើកាំបិតកាត់គល់រួចជញ្ជូនមកកន្លែងម្លប់ បន្ទាប់មកកាត់ស្លឹកវាចេញខ្លះឲ្យស្មើផ្កាទើបច្រកចូលទៅក្នុងថង់ ទិន្នផលដែលទទួលបានគិតជាមធ្យមចាប់ពី ៩-១៥ តោនក្នុងផ្ទៃដីមួយហិកតា ៕