ភ្នំពេញ ៖ ដើមធ្នង់មួយដើមដ៏ធំដុះនៅកន្លែងខ្ទមអ្នកតា ត្រូវបានជនសង្ស័យចំនួន៥នាក់យករថយន្តស្ទូច ឧបករណ៍កាត់ជីកកកាយយក តែមិនទាន់ស្ទូចដាក់លើរថយន្តផង ពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនទាំង៥នាក់ និងមធ្យោបាយសម្ភារៈពាក់ព័ន្ធ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមប្រឡាយភ្លឺស្រែ ក្នុងចំណុចភូមិស្រែញ័រ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។


ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា ដើមធ្នង់មួយដើមនេះមានអាយុកាលរាប់រយឆ្នាំមកហើយ និងមុខកាត់ខាងគល់ ប្រមាណ៨០សង់ទីម៉ែត្រ ប្រវែងដើមជាង៤ម៉ែត្រ ជាឈើប្រណីតតម្លៃរាប់ម៉ីនដុល្លារ ។ដើមធ្នង់នេះស្ថិតនៅចំណុចខ្ទមអ្នកតា ក្បែរមាត់ប្រឡាយ ដែលប្រជាពលរដ្ឋ អ្នកស្រុកភូមិគោរពជំនឿសាសនា ធ្វើពិធីបែបន់ស្រ៊ន់ជារៀងរាល់ឆ្នាំមកហើយនោះ ស្រាប់តែនៅល្ងាចថ្ងៃទី០៩ ម្សិលមិញនេះ បន្ទាប់ពីគាត់ដឹកគោមកចង ស្រាប់តែប្រទះឃើញរថយន្តស្ទូចបើកចូលមកចំណុចក្បែរដើមធ្នង់នេះម្តងហើយ រួចចេញទៅវិញបាត់ ស្រាប់តែព្រលឹមថ្ងៃទី១០នេះ ប្រទះឃើញជនសង្ស័យ ៥នាក់ ប្រដាប់ដោយរថយន្តស្ទូចឧបករណ៍កាត់កកាយ វាយបំបាក់ខ្ទមអ្នកតាចោល ហើយគាស់យកដើមធ្នង់ តែពេលស្ទូចលើកដាក់រថយន្តស្ទូច ស្រាប់តែបះជើងម្ខាង សង្ស័យបារមីអ្នកតា ចាប់សង្កត់ទើបលើកយកដើមធ្នង់មិនទាន់បានផង ត្រូវសមត្ថកិច្ចមកឃាត់មនុស្សទាំង៥នាក់នោះបានតែម្តង។

តាមសម្តីជនសង្ស័យទាំង៥នាក់ខាងលើ បានឲ្យដឹងថា ពួកគេទិញដើមឈើនេះចំនួន១០០ដុល្លារ ពីជនម្នាក់ តែមិនបានប្រាប់ថាអ្នកនោះជាអ្នកណាឡើយ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ពីបទល្មើសចោរកម្ម លួចទ្រព្យសម្បត្តិសាធារណៈ សមត្ថកិច្ចក៍បានបញ្ជាឲ្យរថយន្តស្ទូចដើមធ្នង់ដាក់លើរថយន្ត ទៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីសាកសួរ ស្រាវជ្រាវរកមេខ្យល់តាមនីតិវិធីបន្ដទៀត៕