ខេត្តបាត់ដំបង ៖ ស្ត្រីអាជីវកម្នាក់ បានអញ្ជើញស្រ្តីជាគ្រូទស្សន៍ម្នាក់ គន់គូមើលរាសី ហើយពេលនោះ ស្រ្តីជាគ្រូទាយបានឲ្យស្រ្តីរងគ្រោះដោះគ្រឿងអលង្ការ និងលុយកាក់ដាក់លើថាសធ្វើពិធីប្រសិទ្ធី និងតម្រូវឲ្យស្រ្តីរងគ្រោះបិទភ្នែកបួសសួង តែដឹងអី! ពេលស្រ្តីរងគ្រោះបើកភ្នែកវិញ ស្រាប់តែបាត់ស្រ្តីជាគ្រូទាយជើងល្អឈឹង រួមទាំងទ្រព្យសម្បតិ្តអស់គ្មានសល់ សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ ទើបស្រែកផ្អើលឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ហេតុការណ៍គ្រូទាយប្រើល្បិចស៊ីដាច់ទ្រព្យសម្បត្តិជនរងគ្រោះនេះ បានកើតឡើង និងបង្កឲ្យការភ្ញាក់ផ្អើល កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចផ្ទះលក់សម្ភារ កម្រាលពូក មានយីហោ អ៊ឹង ចាន់តារា តាមបណ្ដោយផ្លូវលេខ៣ ខាងជើងផ្សារណាត់ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានខលហៅជនសង្ស័យ ជាគ្រូទាយឲ្យមកគន់គូរ មើលជើងលេខ និងសូត្រមន្តលើករាសីផងដែរ ។ លុះពេលគ្រូទាយជើងល្អមកដល់ បានរៀបចំមើល រួចប្រាប់ជនរងគ្រោះប្រមូលគ្រឿងអលង្ការ ដើម្បីសូត្រប្រសិទ្ធី ដោយតម្រូវឲ្យស្រ្តីរងគ្រោះបិទភ្នែកបួងសួង មានរយ:ពេល១ភ្លើងទៀន ទើបឲ្យបើកភ្នែកវិញ ប៉ុន្តែក្រោយបន្តិចមកមិនទាន់អស់ភ្លើងទៀនផង ស្រ្តីរងគ្រោះបើកភ្នែក ក៏ស្រាប់តែបាត់គ្រូទាយជើងល្អ រួមទាំងគ្រឿងអលង្ការ លុយកាក់របស់ស្ត្រីរងគ្រោះអស់គ្មានសល់។
សមត្ថកិច្ច បញ្ជាក់ថា ស្រ្តីរងគ្រោះ បាត់បង់ខ្សែ.កមាស ១តម្លឹង, ខ្សែ.កប្លាទីន ២ខ្សែ ,ខ្សែជើង ១គូ, កងដៃប្លាទីន ១៥កង, ខ្សែដៃ ១ខ្សែ, ចិញ្ជៀនពេជ្រ ៣វង់, កងដៃពេជ្រ ១កង ,ក្រវិលពេជ្រ ១គូ , ប្រាក់ខ្មែរ ១លានរៀល បើសរុបជាទឹកប្រាក់ប្រមាណជាង១ម៉ឺនដុល្លារ។ ចំណែក សម្ភារ:បន្សល់ទុក មានប្រាក់ដុល្លារក្លែងក្លាយចំនួន ១ដុំ , គ្រឿងកាឡៃជាដែកដុំខ្មៅ។


ក្រោយកើតហេតុ ស្រ្តីរងគ្រោះបានធ្វើដំណើរមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនស្រ្តីសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕