រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា មន្ត្រី​កងរាជអាវុធហត្ថ​ នៅបន្ត​រុករក​រថយន្ត​ដឹកឈើ​នៅ​ក្នុង​ព្រៃ​បន្ថែម​ទៀត ហើយ​នៅ​ពេល​រក​ឃើញ នឹង​ដាក់​ម្សៅ TNT បំផ្ទុះ​រថយន្ត​ទាំងនោះ​ចោល​នៅ​នឹង​កន្លែង​ទាំងអស់​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ដែល​កំពុង​រកស៊ី​ខុសច្បាប់ ក្នុង​ឧក្រិដ្ឋ​ព្រៃឈើ​ទាំងអស់ មេត្តា​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​មួយ​នេះ​នឹង​បន្ត​ធ្វើ​ទូ​ទាំង​ប្រទេស ។

សូមជម្រាបថា សំណុំរឿង​ឧកញ៉ា សឹង សំ​អុល កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី ដោយ​បន្ត​សាកសួរ​បន្ថែម ជុំវិញ​ករណី​បទល្មើស​ព្រៃឈើ ដែល​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន រួម​នឹង​មនុស្ស​៣​នាក់ កាលពី​ម្សិលមិញ ។

កាលពី​យប់មិញ ឧកញ៉ា សឹង សំ​អុល ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រង​ចាំ​ការ​សាកសួរ​បន្ត ។

ឧកញ៉ា ស៊ឹង សំ​អុល ជា​ប្រធាន​ក្រុមហ៊ុន​, មេការ​ក្រុមហ៊ុន​២​នាក់ និង​អ្នក​បើករថយន្ត​ម្នាក់ ត្រូវ​ចាប់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយ​ដកហូត​បាន​រថយន្ត​ដឹកឈើ​ជាង​៤០​គ្រឿង ៕