ខេត្តប៉ៃលិន ៖ បុរសម្នាក់ យកថ្នាំគីមីមកលាយបញ្ចូលគ្នាដាក់ក្នុងប៊ីដុង បង្កើតជាអ័រម៉ូន ឬជីសានសម្រាប់ដាក់ដើមតាង៉ែនឲ្យចេញផ្លែ ។ ពេលកំពុងតែយកឈើកូក្នុងប៊ីដុងថ្នាំនោះ ស្រាប់តែផ្ទុះ បណ្ដាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានអ្នកជិតខាងដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។


ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ករណីនេះ ស្ថិតនៅផ្ទះជនរងគ្រោះក្នុងភូមិអូរពឺត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ។
ជនរងគ្រោះទី១ឈ្មោះ ធីម រឹម ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរលក់ដូរ និងជាជាម្ចាស់ផ្ទះ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន រងរបួសធ្ងន់ ។ ទី២ឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា រងរបួសធ្ងន់។ ទី៣ឈ្មោះ ធីម រតនា ភេទប្រុស អាយុ០៨ឆ្នាំ មុខរបរសិស្ស រងរបួសស្រាល និងទី៤ឈ្មោះ ខាត់ សាឡែន ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រងរបួសស្រាល ។


មុនពេលកើតហេតុ ជនរងគ្រោះដែលជាម្ចាស់ផ្ទះ បានយកពីដុងនិងថ្នាំ មកចាក់លាយជីគីមីបញ្ជូនគ្នា បង្កើតជាអ័រម៉ូន ដែលភាសាថៃថាជីសាន ដើម្បីយកទៅដាក់ដើមតាង៉ែនឲ្យចេញផ្លែ ។ បន្ទាប់ពីលាយបញ្ជូនគ្នាហើយ ជនរងគ្រោះបានយកឈើមកកូរក្រឡុក ដើម្បីឲ្យចូលសាច់មួយ ពេលនោះស្រាប់តែផ្ទុះលាន់ឮដូចផ្ទុះគ្រាប់មីន បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ផ្ទះរងរបួសសន្លប់តែម្តង ព្រមទាំងបង្កឲ្យមនុស្ស៣នាក់ផ្សេងទៀតរងរបួសផងដែរ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ចំណែកជនរងគ្រោះដែលរបួសស្រាល សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។


ករណីនេះត្រូវបានមន្ត្រីជំនាញលើកឡើងថា ថ្នាំគីមីដែលជនរងគ្រោះយកមកលាយបញ្ជូនគ្នានេះ ជាប្រភេទថ្នាំដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ហើយប្រសិនជាយើងមិនចេះជំនាញច្បាស់លាស់នោះទេ សូមកុំប្រថុយយកមកលាយបញ្ជូនគ្នាឲ្យសោះ ព្រោះអាចបង្កគ្រោះថ្នាក់ដូចករណីខាងលើ ៕