ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានដាក់ពង្រាយការពារ និងទប់ស្កាត់ មិនឲ្យមានការរៀបចំពិធីខួប៣ឆ្នាំ នៃការបាញ់ស្លាប់ លោក កែម ឡី នៅស្ថានីយ៍ប្រេងកាល់តិចស្ដុបបូកគោ ដែលការដាក់ពង្រាយនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យស្នើសុំពីសំណាក់ម្ចាស់ស្ថានីយ៍ប្រេងកាល់តិច មានទីតាំងស្ថិតនៅស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ 

ជាមួយការដាក់ពង្រាយកម្លាំងនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ដែលជាអ្នកផ្ដួចផ្ដើមការដឹកនាំ នៃការប្រារព្ធពិធី ដើម្បីយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន និងចាត់វិធានការបន្ដ។

បន្ថែមពីនេះ អាជ្ញាធរខណ្ឌចំការមន បានឲ្យដឹងថា ដោយទទួលបានការស្នើសុំពីម្ចាស់ស្ថានីយ៍ប្រេងកាល់តិចស្តុបបូកគោ ដោយស្នើសុំអាជ្ញាធរ ជួយហាមឃាត់ប្រជាជនដែលមកកាន់ទីតាំងស្ថានីយ៍នេះ ដើម្បីធ្វើការអុជទៀនធូប គោរពដល់វិញ្ញាណក្ខន្ធសព លោក កែម ឡី ព្រោះថាកន្លែងពួកគាត់ ត្រូវមកអុជទៀនធូកនេះ ជាទីតាំងឯកជន ពិសេសជាកន្លែងប្រេងសាំង ដែលអាចងាយនឹងរងនូវគ្រោះថ្នាក់អគ្គិភ័យ។

សូមរំឮកថា លោក កែម ឡី ដែលជាអ្នកវិភាគឯករាជល្បីឈ្មោះមួយរូប ត្រូវបានខ្លាន់កាំភ្លើងបាញ់សម្លាប់ នៅចំណុចស្ថានីយ៍ប្រេងកាល់តិច ខណៈដែលលោកកំពុងផឹកកាហ្វេ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ ៕