ភ្នំពេញ៖ អធិការរងទទួលផែនអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌដូនពេញ ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងវត្តសារាវ័ន្ត បង្កឲ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ចអស់មួយខណ្ឌ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី ព្រលប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១៧៨កែងផ្លូវ១៩ នៅក្នុងវត្តសារាវ័ន្តស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ ។
លោកអធិការរងទទួលផែនអន្តរាគមន៍នៃអធិការដ្ឋានខណ្ឌដូនពេញ ដែលស្លាប់នោះ មានឈ្មោះ ឈឹម វណ្ណនី អាយុ៥២ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។


តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ លោកអធិការរងខណ្ឌដូនពេញដែលបានបម្រើការងារជាមន្រ្តីនគរបាលជាង៣០ឆ្នាំមកហើយនោះ មានជំងឺជាច្រើនមុខជាប់នឹងខ្លួនឈឺធ្ងន់បានសំរាកព្យាបាលមួយរយៈ ក៏បានធូស្បើយនិងមានកម្លាំង ក៍ចូលធ្វើការវិញ ។ លុះដល់ម៉ោងកើតហេតុខាងលើនេះ ក៏មានអ្នកនៅក្នុងវត្តសារាវ័ន្តប្រទះឃើញគាត់ខ្យល់គដេកដួលនៅក្នុងវត្ត ផ្អើលទៅដល់សមត្ថកិច្ចអស់មួយខណ្ឌ នាំគ្នាហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាល តែជាអកុសល គាត់ក៏បានស្លាប់នៅពាក់កណ្តាលផ្លូវ ហើយសមត្ថកិច្ចក៏បានបញ្ជាក់ថាជនរងគ្រោះគាត់ស្លាប់ដោយសារតែខ្យល់គ និងជំងឺប្រចាំកាយ ។


ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី ៕