ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្តឡិចស៊ីស RX300 ដឹកស្រីស្នេហ៍ ត្រូវបានរថភ្លើងបើកបុកពេញទំហឹង ខណៈពេលដែលរថភ្លើងបើកឆ្លងកាត់ផ្លូវសាធារណៈដោយមិនបានទាញប៉ារ៉ាសបិទផ្លូវ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរខារ៉ាអូខេយីហោ យល់ចិត្ត ស្ថិតតាមបណ្ដោយផ្លូវហាណូយកែងនិងផ្លូវរថភ្លើង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថ
ភ្លើងមួយគ្រឿង លេខBde410 ពណ៌ក្រហមឆ្នូតខៀវ បើកសណ្តោង ក្បាលម៉ាស៊ីនរថភ្លើងមួយគ្រឿងទៀត លេខ66 35 ដែលបានខូច បានធ្វើដំណើរចេញមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត បំណងបើកឆ្ពោះចូលទៅក្នុងស្ថានីយរថភ្លើងភ្នំពេញ ដើម្បីជួសជុល។ 

លុះមកដល់ចំណុចកើតហេតុ រថភ្លើងបានបើកឆ្លងកាត់ផ្លូវហាណូយ ដោយពុំមានអ្នកទាញប៉ារ៉ាសបិទផ្លូវ ដើម្បីបញ្ចប់ចរាចរណ៍ត្រឹមត្រូវនោះទេ គឺមានតែបុរសម្នាក់ដែលឈរកាន់ភ្លើងពិលធ្វើជាសញ្ញាបញ្ឈប់យានយន្តដែលធ្វើចរាចរណ៍ប៉ុណ្ណោះ។ ខណៈពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-4519 បើកបរដោយបុរសជាជនជាតិចិនម្នាក់ និងមាននារីជាជនជាតិខ្មែរចំនួន២នាក់រួមដំណើរជាមួយ បើកក្នុងស្ថានភាពស្រវឹងតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន។ បន្ទាប់មករថយន្តខាងលើក៏បានបើកឆ្លងកាត់ផ្លូវរថភ្លើងកើតហេតុ ក៏ត្រូវបានរថភ្លើងបុកចំទ្វារក្រោយខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តក្រពឹតរងការខូចខាតយ៉ាងដំណំ។ ចំណែកឯរថភ្លើងពុំមានរងការខូចខាតអ្វីនោះទេ ហើយក៏មិនបានបង្កឲ្យមាននរណាម្នាក់រងរបួសផងដែរ ។

ក្រោយមក ភាគីទាំងសងខាងក៏បានជជែកគ្នាយកខុសយកត្រូវរៀងៗខ្លួន ដោយភាគីខាងរថយន្តបានអះអាងយកត្រូវថា នោះជាកំហុសរបស់រថភ្លើងខាងលើ ដែលបើកឆ្លងកាត់ផ្លូវ ដោយមិនបានទាញប៉ារ៉ាសបិទផ្លូវជាមុនដើម្បីឲ្យដឹងថា មានរថភ្លើងបើកឆ្លងកាត់។ ដោយឡែកភាគីខាងរថភ្លើងក៏បានអះអាងយកត្រូវដែរថា ខណៈពេលដែលរថភ្លើងបើកឆ្លងកាត់ចំណុចកើតហេតុ គឺបានស៊ីផ្លេរ និងមានអ្នកឈរសម្រួលចរាចរណ៍ត្រឹមត្រូវ ទោះបីជាមិនបានទាញប៉ារ៉ាសបិទផ្លូវក៏ដោយ។ 

ខណៈនោះដែរ ក៏មានយានយន្តដែលធ្វើចរាចរណ៍លើដងផ្លូវខាងលើបានឈប់ឲ្យរថភ្លើងបើកឆ្លងកាត់ផងដែរ ប៉ុន្តែដោយរថយន្តឡិចស៊ីសខាងលើបើកលឿនព្យាយាមវ៉ាជែង មិនព្រមឈប់តាមគេឯង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយភាគីខាងរថយន្តមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏សូមយករថយន្តទៅជួសជុលខ្លួនឯងដោយមិនបានទាមទារសំណងអ្វីពីខាងភាគីរថភ្លើងនោះទេ ប៉ុន្ដែភាគីខាងរថភ្លើងមិនបានយល់ព្រមឡើយ ដោយទាមទារឲ្យសមត្ថកិច្ចជំនាញយករថយន្តទៅរក្សាទុក បន្ទាប់មកសមត្ថកិច្ចក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញឲ្យ ចុះមកវាស់វែងស្ទូចយករថយន្តខាងលើទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕