ខេត្តសៀមរាប ៖ បុរសម្នាក់ ខណៈកំពុងបើកម៉ូតូឌុបប្រពន្ធកំពុងមានផ្ទៃពោះ៦ខែ ធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្ត១គ្រឿងបោះពួយយ៉ាងលឿន ហើយបានរេចង្កូតមកបុកយ៉ាងពេញទាំង បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធរួមទាំងទារកក្នុងផ្ទៃផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៨-៩ នៅលើផ្លូវជាតិលេខ៦៨ ខាងជើងផ្លូវចូលភូមិតាមាឃ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ។


ប្តីប្រពន្ធជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់នេះ បុរសជាប្តីមានឈ្មោះ មុំ ចាន់រ៉ា អាយុ៣២ឆ្នាំ និងស្រ្តីជាប្រពន្ធមានឈ្មោះសាយ រំផា ភេទស្រី អាយុ៣២ឆ្នាំ ដូចគ្នា និងកំពុងតែមានផ្ទៃពោះ៦ខែ ។ តាមការពិនិត្យរបស់គ្រូពេទ្យ បានបញ្ជាក់ថា ទារកក្នុងផ្ទៃរបស់ស្តី្ររងគ្រោះជាកូនប្រុស ។ អ្នកទាំង២ រស់នៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ មិនសូវជាលឿនប៉ុន្មានឡើយ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2714 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ( បានចុះរត់គេចខ្លួនបាត់) ក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្នបានរេចង្កូតមកបុកជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រួមទាំងទារកក្នុងផ្ទៃ ស្លាប់នៅកន្លែងកើតហេតុឲ្យរដូករណែល។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ រួចទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារមកទទួលដឹកសពជនរងគ្រោះយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណីទាំងក្រៅសោកសង្រេងជាពន់ពេក។ ចំណែក រថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ ត្រូវកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមនីតិវិធីច្បាប់៕