ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចការិយាល័យគយនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ និងដកហូតលុយចំនួន៩០ម៉ឺនដុល្លារ ដែលនាំចូលមកប្រទេសកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់។


សមត្ថកិច្ចការិយាល័យគយព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានឲ្យដឹងថា ជនជាតិចិនដែលសមត្ថកិច្ចចាប់ខ្លួននោះ ទី១-ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ ទី២-ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ពួកគេធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971 និងទី៣-ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកមកចាំទទួលនៅភ្នំពេញ ។


ប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតប្រាក់សរុប ៩០ម៉ឺនដុល្លារ ដែលបុរសជនជាតិចិនខាងលើនាំចូលក្រដាមកក្នុងប្រទេសកម្ពុជា មិនមានប្រភពច្បាស់លាស់ និងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់ ទើបការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនតែម្ដង នាំទៅធ្វើការសាកសួរបន្ត និងចាត់ការតាមផ្លូវច្បាប់៕