ខេត្តមណ្ឌលគិរី ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ផ្ទាល់​ឲ្យ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​ឧកញ៉ា ស៊ឹង សំ​អុល​។

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ប្រាប់​អោយ​ដឹង​ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស​៤​នាក់ ដែល​មាន​ឧកញ៉ា ស៊ឹង សំ​អុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នក​បើករថយន្ត ព្រមទាំង​រថយន្ដ​ជាង​៤០​គ្រឿង ។

លោក​ឧត្តមសេនីយ៍ បន្ត​ថា រថយន្ដ​ល្មើស​ផ្សេង​ទៀត ត្រូវ​បាន​ឈ្មូ​ញយ​ក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ ហើយ​នៅ​ពេល​នេះ កម្លាំង​ជំនាញ​កំពុង​រុករក​យ៉ាង​ក្ដៅ​គគុក ។ ហើយ​រថយន្ដ​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ព្រៃ នឹង​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​តែ​ម្ដង ៕