ភ្នំពេញ ៖ ជំងឺប៉េស្តជ្រួកបានផ្ទុះឡើងជាហូរហែនៅខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ជីវិតសត្វជ្រូករបស់ប្រជាពលរដ្ឋអស់ជាច្រើនក្បាល និងខាតបង់ប្រាក់មិនតិចឡើយ។ បញ្ហានេះធ្វើឲ្យអ្នកចិញ្ចឹមជ្រូក មានការព្រួយបារម្ភជាខ្លាំង ចំណែកក្រសួងពាក់ព័ន្ធ បានរិះរកវិធីបង្ការ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលាចៀសវាងជំងឺនេះរីករាលដាលកាន់តែធ្ងន់ធ្ងរ។


លោកស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បាននិយាយថាជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ អាចនឹងឆ្លងបានតាមរយៈការនាំជ្រូកចូលពីក្រៅប្រទេសដោយខុសច្បាប់ តាមការដឹកជញ្ជូន ការចល័តជ្រូក…តាមសាច់ក្រក ជាពិសេសពីប្រទេសដែលកំពុងផ្ទុះឡើងនូវជំងឺនេះ ដូចជា ប្រទេសចិន និងវៀតណាម។ ដូចច្នេះលោកក៏បានណែនាំ ពីវិធីសម្គាល់រោគសញ្ញា និងរបៀបបង្ការ តាមរយះដូចខាងក្រោម៖
*រោគសញ្ញា
លោកស្រ៊ុន ពៅ បានបន្តថា រោគសញ្ញានេះអាចជ្រៀតចូលមកយឺតៗក្នុងរយៈពេលប្រមាណ ៣សប្ដាហ៍ ទើបគេអាចកត់ចំណាំរោគសញ្ញា នៃជំងឺនេះបានខ្លះៗ នៅលើខ្លួនជ្រូក និងឥរិយាបថរបស់វា ដូចជាវាមានអាការៈខុសប្លែកពីធម្មតា ចាប់ផ្ដើមអន់បាយ ចុះខ្សោយកម្លាំង ទន់ជើង ក្ដៅខ្លួន ចេញកញ្ជ្រឹល ឬកន្ទួលក្រហម ជាដើម៖ «ដល់វាគ្រប់២១មួយថ្ងៃ វាវិវឌ្ឍទៅ៣ ទៅ៤អាទិត្យគឺវាជាំផ្ទាំងៗតែម្ដង ដូចជំងឺត្រចៀកខៀវអ៊ីចឹង សំខាន់គឺពិនិត្យឈាមតែម្ដង ពេលឃើញមិនស្រួល វាអន់បាយ គ្រុនក្តៅអីជាដើម»។

ស្ថានភាពជំងឺនេះ អាចកើតមានក្នុងស្ថានភាព ស្រួចស្រាល់ខ្លាំង ស្រួចស្រាល់ មិនសូវស្រួចស្រាល់ និងរ៉ាំរ៉ៃ។ស្ថានភាពស្រួចស្រាល់ខ្លាំង អាចងាប់ភ្លាមៗដោយមានស្លាកស្នាមតិចតួច និងអាចជាសញ្ញាដំបូងនៃការចម្លងនៅក្នុងហ្វូង ករណីស្រួចស្រាល់អាចមានគ្រុនក្ដៅ មិនស៊ីចំណី នៅស្ងៀម ខ្សោយ ដេកដួល រាគ ទល់លាមកជាដើម។
ទម្រង់មិនសូវស្រួចស្រាល់ គឺស្រដៀងគ្នានឹងករណីស្រួចស្រាល់ដែរ ប៉ុន្តែរោគសញ្ញាមិនសូវធ្ងន់ធ្ងរទេ សត្វខ្លះមានអង់ទីគ័រ អាចមិនចេញរោគសញ្ញាឱ្យឃើញឡើយ។


*វិធីសាស្ត្របង្ការ និងទប់ស្កាត់
ក្រសួងកសិកម្មបញ្ជាក់ថា បើអាការៈសត្វមិនស្រួល ឬមានភាពមិនប្រក្រតី ត្រូវប្រញាប់ផ្តល់ព័ត៌មានជាបន្ទាន់ទៅពេទ្យសត្វភូមិ ឃុំ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ។
_ បំបែកសត្វដែលសង្ស័យថា ឈឺចេញឱ្យឆ្ងាយពីហ្វូងជាបន្ទាន់
_ កុំឱ្យជ្រូកស៊ីកាកសំណល់ផ្ទះបាយ និងដុតកម្ទេចសត្វដែលងាប់រួចជីកកប់ដីឱ្យជ្រៅ ដោយ សុវត្ថិភាព
_ ធ្វើអនាម័យទ្រុងជ្រូកឱ្យស្អាតជាប្រចាំ រំងាប់មេរោគដោយប្រើថ្នាំដែលណែនាំដោយអ្នកជំនាញខាងពេទ្យសត្វ
_ បញ្ឈប់សកម្មភាពចល័តសត្វ និងសាច់សត្វ ពីកន្លែងមានផ្ទុះជំងឺ ទៅកន្លែងផ្សេងៗដែលកំពុងមានសុវត្ថិភាព និងនៅមានវិធីសាស្ត្របង្ការ និងទប់ស្កាត់ជាច្រើនផ្សេងទៀត
ត្រូវលាងសម្អាតទីតាំងទ្រុងជ្រូក សម្ភារៈ យានជំនិះ ដែលប្រើប្រាស់ឆ្លងកាត់ពីកសិដ្ឋានមួយ ទៅកសិដ្ឋានមួយ ក៏ត្រូវលាងសម្អាតជាប្រចាំដែរ ទប់ស្កាត់ការនាំចូលចំណីសត្វដែលខូចគុណភាព ឬការនាំចូលដោយខ្វះការត្រួតពិនិត្យឱ្យបានហ្មត់ចត់តាមលក្ខណបច្ចេកទេស
ត្រូវតែមានវិធានការ តឹងរឹងក្នុងការនាំចូលសាច់ជ្រូកពីប្រទេសដទៃ បើអាចបញ្ឈប់ការនាំចូលមួយរយះដើម្បីមើលស្ថានភាពឲ្យបានម៉តចត់ ធ្វើការផ្សព្វផ្សាយពត៍មាន ដល់ប្រជាពលរដ្ឋក្នុងតំបន់ឲ្យបានទាន់ពេលក្នុងកំឡុងពេលមានជំងឺផ្ទុះឡើង។


លោកស្រ៊ុន ពៅ បានបញ្ជាក់ថា រហូតមកពេលនេះលោកមិនទាន់បានទទួលដំណឹងពីក្រសួងកសិកម្ម ឬក្រុមអ្នកជំនាញណាមួយប្រាប់ថា ជំងឺប៉េស្តជ្រូកនេះមានវ៉ាក់សាំងការពារ ឬវិធីព្យាបាលនៅឡើយទេ គឺមានវិធីបង្ការ និងទប់ស្កាត់ ៕