ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ក្នុងអំឡុងពេលប្រទេសកម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ជាមួយនិងរបបខ្យល់មូសុងនិរតីកម្រិតមធ្យម។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី៩ ខែកក្កដានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៩ ខែកក្កដា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្ពុជាកំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ជាមួយនិងរបបខ្យល់មូសុងនិរតីកម្រិតមធ្យមដែលបណ្ដាលឲ្យខេត្តមួយចំនួននៅតាមមាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម។

ប្រភពបានបន្ដថា នៅតាមបណ្ដាខេត្ត-ក្រុងនៅតំបន់ទំនាបភាគកណ្ដាល ភាគខាងជើងនិងភាគ ពាយ័ព្យ និងអាចមានភ្លៀងពីតិចទៅបង្គូរ និងភាគខ្លះទៀតមានភ្លៀងធ្លាក់ខ្លាំង។ ប្រភពដដែលបានបន្ថែមថា ចំពោះបណ្ដាខេត្ត និងរាជធានីនៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តភាគខាងកើត ជាប់ ប្រទេស វៀត ណាម នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។
សេចក្ដីជូនដំណឹង បានបញ្ជាក់ទៀតថា បាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់នៅតែបន្ដកើតមានជាពិសេស នៅ តំបន់វាលទំនាប៕