ខេត្តសៀមរាប ៖ មនុស្ស​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​លួច​គាស់​កូន​ឈើ​ប្រណីត ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ​ នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ និង​សហប្រតិបត្តិការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ឃាត់​​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៦ កក្កដា ២០១៩ ស្ថិត​នៅ​ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ ។

បុរស​​ដែល​លួច​គាស់ដើមឈើ មានឈ្មោះ ប្រាក់ រាម និង​ឈ្មោះ យោក យេ​ន មាន​ទីលំនៅ ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ ។

ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹង​ថា ដើមឈើ​ដែល​ត្រូវ​បាន​គេ​លួច​គាស់ ​គឺជា​ប្រភេទ​ឈើ​ធ្នង់ ដែល​មាន​ទំហំ​មុខកាត់​ ត្រង់​គល់​ប្រហែល​១​តឹក ​និង​មានកម្ពស់​៣​ទៅ​៤ម៉ែត្រ ចំនួន​១៥​ដើម ក្នុង​នោះ​ដែរ ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ​បាន​ចាប់​ឃាត់​បាន​ម៉ាស៊ីន ថា​ឡេ​ថង​១​គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​បន្ទាប់ ​។

សូមជម្រាបថា ​ជន​ដែល​លួច​គាស់ដើមឈើ ​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​គាស់ដើមឈើ និង​ដកហូត​ដើមឈើ​ធ្នង់ រួចហើយ​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ ៕