ខេត្តតាកែវ ៖ បន្ទាប់ពីមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលមានការកើនឡើងជាបន្តបន្ទាប់នៅខេត្ត៣ ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នេះដែរជំងឺដ៏កាចសាហាវបានរាតត្បាតនៅ ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី បណ្ដាលឲ្យសត្វជ្រូកប្រជាពលរដ្ឋស្លាប់អស់២៧ក្បាល។


រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានផ្ញើលិខិតទៅកាន់អភិបាលខេត្តតាកែវ ដើម្បីស្នើឲ្យមានការចាត់ វិធានការទប់ស្កាត់ចលនាជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកពីកន្លែងផ្ទុះជំងឺ។ បន្ទាប់មកអាជ្ញាធរពាក់ព័ន្ធនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមដងផ្លូង និងតាមផ្ទះរបស់ពលរដ្ឋ ។


សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ជំងឺប៉េស្តជ្រូកអាហ្វ្រិបានបន្តសម្លាប់ជ្រូកកើនដល់៣៣ក្បាលជាង និងឈឺ៥៣ក្បាល ដែលជំងឺប៉េស្តជ្រូកអាហ្រ្វិកបានផ្ទុះឡើងដំបូងនៅខេត្តរតនគិរី បន្ទាប់មកខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ហើយខេត្តតាកែវ គឺជាខេត្តទី៤ដែល ជំងឺនេះបានរាលដាលមកដល់ ៕