ថៃ៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងប្រទេសថៃ ក៏ដូចជាកម្មវិធីទូរទស្សន៍ជាច្រើនបានចុះផ្សាយ អំពីរឿងរាវរបស់បុរសពិការម្នាក់ ដែលសុខចិត្តលះបង់មិត្តស្រីស្រឡាញ់ស្មើរជីវិតឲ្យទៅប្រុសថ្មី ព្រោះដើម្បីឲ្យនាងមានសំណាង និងរស់នៅបានសុខស្រួល ។ 

បុុរសពិការខាងលើមានឈ្មោះ វណ្ណាផាន់ អាយុ២៧ឆ្នាំ បានរៀបរាប់ថា លោក និងមិត្តស្រីរបស់លោកអាយុ ២៥ឆ្នាំ បានស្រឡាញ់គ្នារយៈពេល ៧ឆ្នាំមកហើយ ព្រមទាំងបានរួមរស់ក្រោមដំបូលផ្ទះតែមួយដូចប្ដីប្រពន្ធយ៉ាងដូច្នេះដែរ ។ 

រហូតមកទល់ពេលនេះ លោក វណ្ណាផាន់ និងមិត្តស្រីបានបែកគ្នារយៈពេល ៣ឆ្នាំមកហើយ ពោលគឺបន្ទាប់ពីលោកជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យងាប់មួយចំហៀងខ្លួន ដើរទៅណាមិនរួច គឺបានត្រឹមតែដេកនៅនឹងកន្ទេលតែប៉ុណ្ណោះ ដូច្នេះហើយមានតែមិត្តស្រីជាអ្នកមើលថែរាប់រងទាំងអស់ ចំពោះការរស់នៅប្រចាំថ្ងៃ ។ 

ព្រោះតែសេចក្ដីស្រីឡាញ់ និងអាណិតអាសូរ លោក វណ្ណាផាន់ ក៏បានសម្រេចចិត្តសុំបែកគ្នាជាមួយមិត្តស្រី ហើយអនុញ្ញាតឲ្យនាងទៅរកប្រុសដែលល្អ ហើយសាងស្នេហ៍ជាមួយគ្នា ធ្វើយ៉ាងណាត្រូវកាត់ចិត្តពីលោកឲ្យបាន ។ 

ជាមួយគ្នានេះ នារីជាមិត្តស្រីក៏បាននិយាយប្រាប់ថា ថ្វីបើនាងបានបែកជាមួយមិត្តប្រុសក៏ពិតមែន តែនាងនៅតែស្រឡាញ់ និងអាណិត ហើយពេលខ្លះនាងនៅតែទៅមើលថែ ព្រមទាំងទិញសម្ភារៈប្រើប្រាស់ផ្សេងទៅឲ្យអតីតមិត្តប្រុស ដើម្បីកុំឲ្យគាត់លំបាក ៕

សហការី KBN

ប្រភព៖ kapook