ក្រុងព្រះសីហនុ ៖ ក្រុមការងារ របស់​គណៈកម្មការ​ឆ្នេរសមុទ្រ នៃ​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​រុះរើ​សំណង់​រឹង​មាំ របស់​ជនជាតិ​ចិន ដែល​ស្ថាបនា​ពី​គ្រោង​ដែក មា​នទី​តាំងនៅ​តំបន់ឆ្នេរ​អូរ​ត្រេះ​១ ស្ថិត​ក្នុង​ក្រុងព្រះសីហនុ ។

សកម្មភាព​ចុះ​រុះរើ​សំណង់​រឹង​មាំ​ខាងលើ​នេះ បាន​ចាប់ផ្តើម​កាលពី​រសៀល​ថ្ងៃ ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ដែល​តាម​មន្ត្រី​ថា ជា​សំណង់​ដែល​សង់​ខុសច្បាប់ ក្នុង​នោះ​អាជ្ញាធរ​ចុះ​រុះរើ ចំនួន​២​កន្លែង​ផ្សេង​គ្នា ។

មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បញ្ជាក់​ថា សំណង់​ទាំង​ពីរ​កន្លែង​នេះ ត្រូវ​បាន​គេ​លប​លួច​សាងសង់ ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​សង់​ខុសច្បាប់ ហើយ​បាន​ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់ និង​សោ​ភ​ណ្ឌ័​ភាព តំបន់ឆ្នេរ​សមុទ្រ​ថែម​ទៀត​ផង ។

សំណង់​នេះ​បើ​តាម​មន្ត្រី​ជំនាញ​បញ្ជាក់​ថា កន្លង​មក​ធ្លាប់​បាន​ចុះ​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​សាងសង់​ម្តង​រួច​ហើយ និង​បាន​ទុក​រយៈពេល​ឲ្យ​ម្ចាស់​រុះរើ​ចេញ ដោយ​ខ្លួនឯង ក៏​ប៉ុន្តែ​ម្ចាស់​សំណង់​នៅ​តែ​បន្ត​សាងសង់ ដោយ​មិន​ស្តាប់​តាម​ការ​ណែនាំ របស់​អាជ្ញាធរ​នោះ​ទេ ទើប​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចម្រុះ​បាន​សម្រេច​ដឹកនាំ​កម្លាំង ចុះ​នាំ​យក​គ្រឿងចក្រ​រុះរើ​សំណង់​ខុសច្បាប់​ទាំងនោះ​ចេញ​តែ​ម្ដង ៕